ភ្នំពេញ៖ ជិតមួយសប្តាហ៍កន្លងមកហើយដែលឃាតកបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មិនទាន់ត្រូវបានវែកមុខនៅឡើយ ប៉ុន្តែសមត្ថ កិច្ចបានអះអាងថា កំពុងពន្លឿនការស្រាវជ្រាវដើម្បីបំបែកសំណុំរឿងឃាតកម្មនេះ ខណៈសពឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបាននក្រុមគ្រួសារនិងបងប្អូនសាច់ញាតិហែចេញពីលំនៅឋានក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យកទៅបញ្ចុះនៅវត្ដអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ទាំងក្តីសោកសង្រេង។
សមត្ថកិច្ចបានអះអាងថា កំពុងតែពន្លឿនក្នុងការប្រមូលភស្ដុតាងដើម្បីវែកមុខឃាតកបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។លោក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅពេលនេះ សមត្ថកិច្ចនគរបាលជំនាញគ្រប់ផ្នែក កំពុងតែពន្លឿន ក្នុងស្រាវជ្រាវស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញាវែកមុខឃាតក ដែលបានបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីយប់ថ្ងទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជាប្រធានក្រុមហ៊ុនស៊ីម៉ង់ត៍ ថៅកែហាងលក់ពេជ្រ និងរកស៊ីជួញដូរដីខ្ទង់់លានដុល្លារ ត្រូវបានឃាតក ជិះម៉ូតូបាញ់សម្លាប់ជាច្រើនគ្រាប់ បណ្ដាលឱ្យស្លាប់នៅកណ្ដាលទីក្រុង ជាប់ ហាងលក់ផ្លែឈើ យីហោ ឡោតិចសេង ជិតរបងស្ដារអូរឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ បង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស ដែលសមត្ថកិច្ចអះអាងថា ជារឿងគំនុំសុទ្ធសាធ។
គួររំលឹកថា នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានផ្សព្វផ្សាយនូវវិដេអូ និងរូបថតបុរសម្នាក់ដែលជានគរបាល ហើយមានវត្ដមាននៅកន្លែងកើតហេតុក្រោយពេលឃាតកបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ។ ប៉ុន្ដែមន្ដ្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបដិសេធថា ការលើកឡើងរបស់មតិមហាជននៅក្នុងបណ្ដាញទំនាក់ទំនងសង្គមមិនមានមូលដ្ឋានច្បាស់លាស់ ហើយបុរសម្នាក់នោះ គឺជាមន្ដ្រីនគរបាលដែលបានទៅដល់ទីកើតហេតុជាមួយមេដឹកនាំរបស់ខ្លួន ។
ករណីឃាតកម្មលើអ្នកជំនួញដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភតាមផ្លូវសាធារណៈកណ្តាលទីក្រុង ភ្នំពេញបែបនេះ បានធ្វើឱ្យអ្នកជំនួញធំៗ អ្នកឧកញ៉ា និងអ្នកវិនិយោគបរទេសដទៃទៀត បង្ហាញនូវក្ដីព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍផងដែរ។ ក្នុងនោះអ្នកមានទ្រព្យទាំងឡាយក៏បានបង្ហាញពីការព្រួយបារម្ភថា ឧកញ៉ាស្លូតត្រង់ម្នាក់ត្រូវគេបាញ់សម្លាប់ងាយៗ ចុះទម្រាំឈ្មួញរកស៊ីដែលមានរឿងរ៉ាវចម្រូងចម្រាស់ផ្សេងៗ តើនឹងប្រឈមបញ្ហាអសន្ដិសុខកម្រិតណា?
ប្រសិនបើសំណុំរឿងនេះនៅបន្ដអូសបន្លាយនោះវាពិតជាធ្វើឱ្យ ប៉ះពាល់ដល់អារម្មណ៍របស់ឈ្មួញធំៗ ក៏ដូចជាភ្ញៀវទេសចរបរទេសផងដែរ ។ប៉ុន្តែគេរំពឹងថា សមត្ថកិច្ចនឹងបំបែកសំណុំរឿងឃាតកម្មដ៏ព្រៃផ្សៃនេះនៅក្នុងពេលឆាប់ៗ ។
លោក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននិយាយថា សមត្ថកិច្ចនគរបាលជំនាញ កំពុងពន្លឿននីតិវិធី ស៊ើបអង្កេត លើករណីឃាតកម្ម បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ៕