ភ្នំពេញ៖ កាលពីវេលាម៉ោង១២ និង៥០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញសហការជាមួយកម្លាំងក្រុងបានបើកប្រតិបត្តិកាឆ្នក់ចូលឆែកឆេរ ទីទាំង និងបង្ក្រាបក្រុមមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន២ទីតាំងផ្សេងគ្នានៅក្នុងខណ្ឌចំនួន២ គឺខណ្ឌដូនពេញ និង ខណ្ឌសែនសុខ នៅក្នុងពេលបន្តបន្ទាប់ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននោះ កម្លាំងសមត្ថកិច្ច អាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ១៤នាក់ ដកហូតបានកាំភ្លើងខ្លីមួយដើម រួមជាមួយសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។
មន្ត្រីអាវុធហត្ថបានបានឱ្យដឹងថា ការចុះបង្ក្រាបទីតាំងដែល សង្ស័យថា មានមុខសញ្ញាសកម្មខាង ប្រើប្រាស់និងជួញដូរគ្រឿងញៀន មួយកន្លែងនៅក្នុងភូមិត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយក្នុងនោះបង្ក្រាបបានមនុស្សប្រុស៥នាក់ រួមជាមួយនិងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពបានបន្តថា ក្នុងពេលបន្តបន្ទាប់គ្នាកម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការចុះឆែកឆេរ ក្នុងផ្ទះសំណាក់ អូ!យ៉េស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ជនសង្ស័យប្រុស-ស្រីចំនួន៧នាក់ រួមជាមួយនិងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ហើយក្នុងពេលបន្តបន្ទាប់ទៀតកម្លាំងសមត្ថកិច្ចអាវុធហត្ថបានធ្វើ ការឆែកឆេរបន្ទប់លេខA06 ជាន់ទី២ ក្នុងផ្ទះសំណាក់ដដែលដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ទៀត ដែលម្នាក់ត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា នៅអង្គភាព ង.៧០ មានឈ្មោះគឹម ហេង ភេទប្រុស អាយុ៥៤ឆ្នាំ កំពុងសម្ងំប្រើប្រាស់គ្រឿងញៀន រួមទាំងដកហូតបានកាំភ្លើងខ្លីK54 មួយដើមផងដែរ។
សរុបមកប្រតិបត្តិការចុះឆែកឆេរនិងបង្ក្រាបទីតាំងពីរកន្លែង ផ្សេងគ្នា ក្នុងខណ្ឌចំនួនពីរ ដែលក្រុមជនសង្ស័យជ្រកកោនដើម្បីធ្វើសកម្មភាព ប្រើប្រាស់និងជួញដូរគ្រឿងញៀននោះ កម្លាំងសមត្ថកិច្ចអាវុធហត្ថ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ប្រុស-ស្រី ចំនួន១៤នាក់ ដកហូតបានកាំភ្លើងខ្លីK54មួយដើមរួមជាមួយនិងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ននេះជនសង្ស័យប្រុស-ស្រីទាំង១៤នាក់ រួមជាមួយនិងវត្តុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅកាន់បញ្ចាការដ្ឋានកងរាជអាវុធ រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុចាត់ការតាមនិតិវិធី៕
ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី១៤នាក់ ជាប់ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន