បាដាដ៖មនុស្សយ៉ាងហោច៣៥នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីហេតុវាយប្រហារដោយគ្រាប់បែកនៅរទីសក្ការៈបូជានិកាយស៊ីអ៊ីតមួយនៅភាគខាងជើងទីក្រុងបាដាដ។ នេះបើយោងអ្នកនាំពាក្យសន្ដិសុខម្នាក់បាននិយាយនៅថ្ងៃសុក្រ។
អ្នកនាំពាក្យបញ្ជាការប្រតិបត្តិការរួមបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារពេញមួយយប់នៅទីសក្ការៈបូជា Sayyid Mohammed ដែលមានរួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាត បាញ់កាំភ្លើងនិងកាំភ្លើងត្បាល់ផងដែរនោះក៏បានបង្ករបួសដល់មនុស្ស៥០នាក់ផងដែរ ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាដាដក្នុងតំបន់ដើរទិញឥវ៉ាន់មួយដែលមានមនុស្សច្រើនកាលពីថ្ងៃអាទិត្យនៃថ្ងៃឈប់សម្រាកបុណ្យ Eid Al-Fitr ។មនុស្ស២៩២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ។
បើយោងតាមសេចក្តីថ្លែងការណ៍ស្តីពីការវាយប្រហារនេះបាននិយាយថា ទីសក្ការៈបូជា Sayyid Mohammed ដែលមានទីតាំងស្ថិតនៅតំបន់ Balad ចម្ងាយ៧០គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងបាដាដគឺត្រូវបានកំណត់គោលដៅជាលើកដំបូងដោយកាំភ្លើងត្បាល់។ សេចក្តីថ្លែងការណ៍បានអះអាងថា ការវាយប្រហារនេះជាស្នាដៃរបស់ក្រុមជីហាដ IS ។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ាក់ Adila Hamoud បានប្រកាសថា ចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យបានឡើងដល់២៩២នាក់៕