នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បណ្តេញ​ប្រធាន​សន្តិសុខ​ចេញពី​តំណែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2016 ក+ ក-

​អ៊ីរ៉ាក់​៖​ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​បាន​និយាយថា លោកនាយក​រដ្ឋមន្ត្រី​បាន​បណ្តេញ​ប្រធាន​សន្តិសុខ​ទីក្រុង​បា​ដា​ដ​ចំនួន​បីនាក់​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​សាហាវ​នៅក្នុង​រដ្ឋធានី​កាលពី​ថ្ងៃ​សុក្រ​។​
​ការិយាល័យ​របស់លោក​នាយករដ្ឋមន្ត្រី Haider al-Abadi ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក​បានទទួល​សំណើសុំ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដែល​បាន​ដាក់ជូន​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​បា​ដា​ដដែល​បានសម្លាប់​មនុស្ស​២៩២​នាក់​។​
​ជាមួយគ្នា​នោះ ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​បាន​ឲ្យ​ដឹងថា ខ្លួន​បានធ្វើការ​វាយប្រហារ​លើ​ក​ចុងក្រោយ​លើ​ទីសក្ការៈ​បូជា​របស់​ពួក​និកាយ​ស៊ី​អ៊ី​តនៃ​ទីក្រុង Balad ដែល​បានចាប់ផ្ដើម​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ព្រមទាំង​ការ​បំផ្ទុះ​នៅ​ទីក្រុង​បា​ដា​ដ ។​
​ការិយាល័យ​របស់លោក​បាន​និយាយថា លោក Abadi បានចេញ​បញ្ជា​ឲ្យ​ដក​មេបញ្ជាការ​ក្រុង បា​ដា​ដ​ចេញពី​ទួ​នាទី​ព្រមទាំង​បណ្តេញ​មន្ត្រី​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ​នៅក្នុង​រដ្ឋធានី​នេះ​។​
​ប្រមុខ​បញ្ជាការ​ប្រតិបត្តិការ​ក្រុង​បា​ដា​ដ​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Abdulamir al-Shimmari ។​
​មន្ត្រី​ម្នាក់​នៅក្នុង​ការិយាល័យរ​ប​ស់លោក Abadi បាន​លើកឡើងថា អ្នកផ្សេង​ទៀត​ដែល​ត្រូវ​បញ្ចប់​តំណែង​គឺមាន​ប្រធាន​ស៊ើបការណ៍​សម្រាប់​ទីក្រុង​បា​ដា​ដ​ក្នុង​ក្រសួងមហាផ្ទៃ​និង​មន្ត្រី​ដែល​ទទួលខុសត្រូវ​ចំពោះ​រដ្ឋធានី​នេះ​នៅក្នុង​ការិយាល័យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​។​
​កាលពី​ថ្ងៃ​អង្គារ លោក Abadi ក៏បាន​ទទួលយក​សំណើសុំ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​គឺ​លោក Mohammed Ghabban ផងដែរ​នៅ​ថ្ងៃ​ជាមួយគ្នា​ដែល​លោក​បាន​ដាក់ជូន​។​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​សុខាភិបាល Adila Hamoud បាន​ឲ្យ​ដឹងថា សាកសព​ចំនួន​១១៥​នាក់​ក្នុងការ​វាយប្រហារ​បំផ្ទុះ​គ្រាប់​នៅ​ទីក្រុង​បា​ដា​ដ​កាលពី​ថ្ងៃអាទិត្យ​ឥឡូវនេះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​ខណៈដែល​អត្តសញ្ញាណ​នៃ​អ្នកស្លាប់​១៧៧​នាក់​ទៀត​មិនទាន់​ត្រូវ​បានកំណត់​អត្តសញ្ញាណ​។​
​ប្រជាជន​បាន​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ការពន្យារពេល​ដើម្បី​កំណត់​ជោគវាសនា​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ខណៈ​ចំនួន​នៃ​សព​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​នៅពេលនេះ​កាន់តែ​កើនឡើង​៕

MIDEAST-CRISIS/IRAQ-BLAST