ហ្វីលីពីន​បដិសេធ​សំណើ​ចិន​លើ​ការពិភាក្សា​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2016 ក+ ក-

​​ហ្វីលីពីន​៖​រដ្ឋមន្ត្រីការបរទេស Perfecto Yasay បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​ច្រានចោល​សំណើ​មួយ​ពី​សម​ភាគី​ចិន​របស់លោក​ក្នុងការ​ចាប់ផ្តើម​កិច្ចចរចា​ទ្វេភាគី​ស្តីពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​របស់​ពួកគេ​នៅលើ​លក្ខខណ្ឌ​ដែលថា​ការសម្រេច​របស់​តុលាការអន្តរជាតិ​កាលពី​សប្តាហ៍​មុន​គឺ​មិន​ត្រូវបាន​ពិភាក្សា​នោះទេ​។​
​លោក Yasay បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប៉ុស្តិ៍​ព័ត៌មាន ABS-CBN ថា “​ពួកគេ​បាន​ទទូច​ដល់​យើង​កុំ​ឲ្យ​ធ្វើការ​អធិប្បាយ​ណាមួយ​អំពី​រឿង​នោះ​។ រដ្ឋមន្ត្រីការបរទេស​ចិន​បានស្នើ​សុំ​ឲ្យ​យើង​បើក​ចិត្ត​ចំពោះ​ការចរចា​ទ្វេភាគី​ប៉ុន្តែ​មិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​”​។​
​លោក​បន្តថា “​នេះ​គឺជា​អ្វីដែល​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​វា​គឺ​មិន​ស្រប​ជាមួយនឹង​រដ្ឋធម្មនុញ្ញ​និង​ផលប្រយោជន៍​ជាតិ​របស់​យើង​” ។​
​លោក Yasay បាន​ឲ្យ​ដឹងថា លោក​បាន​ជួប​សម​ភាគី​របស់លោក​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អាស៊ី​-​អឺរ៉ុប​មួយ​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​កាលពី​សប្តាហ៍​មុន​។​
​លោក​បាន​បន្ថែមថា​អាទិភាព​ដំបូង​សម្រាប់​ប្រទេស​ហ្វីលីពីន​គឺ​ការចរចា​អំពី​សិទ្ធិ​នៃ​អ្នកនេសាទ​របស់ខ្លួន​ដើម្បី​ត្រឡប់​ទៅកាន់​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough វិញ​និង​ការអនុវត្ត​ផ្នែក​ផ្សេងទៀត​ទាំង​អស់នៃ​សេចក្តីសម្រេច​នេះ​។​
​ចៅក្រម​នៅ​តុលាការ​អន្តជាតិ​ក្រុងឡាអេ​បាន​ច្រានចោល​ការទាមទារ​សិទ្ធិ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ទូទាំង​តំបន់​ជាច្រើន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​សេចក្តីសម្រេច​មួយ​ដែល​ត្រូវបាន​អះអាងថា​ជាការ​ទទួល​ជ័យជម្នះ​របស់​ប្រទេស​ហ្វីលីពីន​។​
​តុលាការ​បានសម្រេច​ថា “​មិនមាន​មូលដ្ឋាន​ច្បាប់​ទេ​សម្រាប់​ប្រទេស​ចិន​ក្នុង​ការទាមទារ​សិទ្ធិ​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​ធនធាន​ក្នុង​តំបន់​សមុទ្រ​”​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​ចិន​ដែល​បានធ្វើ​ពហិការ​មិន​ចូលរួម​ក្នុងករណី​ដែល​នាំយក​ដោយ​ប្រទេស​ហ្វីលីពីន​មួយ​នេះ​បាន​និយាយថា ខ្លួន​នឹងមិន​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​ចំពោះ​សេចក្តីសម្រេច​ណាមួយ​។​
​គួរ​បញ្ជាក់ថា ទីក្រុង​ម៉ានីល​បានដាក់​ពាក្យ​ប​ណ្តឹ​ប្រឆាំងនឹង​ក្រុង​ប៉េកាំង​នៅ​ឆ្នាំ​២០១៣​ហើយ​បាន​និយាយថា បន្ទាប់ពី​ការចរចា​រយៈពេល​១៧​ឆ្នាំ ខ្លួន​ពិតជា​នឿយហត់​ចំពោះ​មធ្យោបាយ​នយោបាយ​និង​ការទូត​ទាំងអស់​៕

960x0