អង់ការ៉ា៖ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញបានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នរយៈពេឡ៣ខែ ដើម្បីយកពេលបោសសម្អាតពួកភេរវជនដែលនៅពីក្រោយព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមកាលពីសប្តាហ៍មុន។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia បានឲ្យដឹងថា លោក Erdogan នៅតែបន្តការចោទប្រកាន់ ទៅលើលោក Fethullah Gulen ដែលកំពុងរស់នៅសហរដ្ឋអាមេរិកថា ជាអ្នកដែលស្ថិតនៅពីក្រោយខ្នងនៃការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល តែមិនបានសម្រេចទើបនាំឲ្យមានការចាប់ខ្លួន និង ទម្លាក់តំណែងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់សរុប ៥០,០០០នាក់បែបនេះ។
រដ្ឋាភិបាលបាននិយាយថា រដ្ឋប្រហារកាលពីសប្តាហ៍មុនបានបណ្តាលឲ្យមនុស្ស៣១២នាក់ស្លាប់ ក្នុងនោះមាន១៤៥នាក់ជាជនស៊ីវិល ៦០នាក់ជានគរបាល រួមជាមួយទាហ៊ាន៣នាក់ និងអ្នករួមគំនិត១០៤នាក់ផ្សេងទៀត។
ទោះបីជាបែបនេះក្តី លោក Erdogan បានធានាថាវាគ្រាន់តែ ជាការពង្រឹងអំណាចរបស់រដ្ឋ ដើម្បីស្តារសន្តិសុខឡើងវិញប៉ុណ្ណោះ ដោយនឹងមិនបង្កប៉ះពាល់ ដល់លទ្ធិប្រជាធិបតេយ្យ នៃប្រទេសតួកគីឡើយ។ អំឡុង ពេលគ្រាមានអាសន្ននេះ ការដើរហើរនឹងត្រូវរឹតត្បិត ហើយសន្តិសុខនឹងក៏នឹងត្រូវ ធ្វើឲ្យប្រសើរឡើងវិញដែរ៕