បារាំង៖ជនសង្ស័យ៥នាក់រួមមានប្រុសបួននាក់ និងស្រីម្នាក់ត្រូវបានសមត្ថកិច្ចបារាំងឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយបើករថយន្តបុកចូលហ្វូងមនុស្សនៅទីក្រុងនីស កាលពីជាងមួយសប្តាហ៍កន្លងទៅនេះ។
បើតាមការឲ្យដឹងពីព្រះរាជអាជ្ញាបារាំងបាននិយាយថា ជនសង្ស័យទាំង៥នាក់ ដែលឃាត់ខ្លួនមានអាយុចន្លោះពី២២ឆ្នាំដល់៤៤ឆ្នាំ ពួកគេត្រូវចោទថា បានជួយនៅក្នុងការរៀបចំឲ្យមានការបើករថយន្ត ទៅបំបុកហ្វូងមនុស្ស ដែលកំពុងចូលរួមប្រារព្ធពិធីបុណ្យជាតិបារាំងកាលពីយប់ថ្ងៃទី១៤កក្កដា។ ព្រះរាជអាជ្ញាបញ្ជាក់ថា ការវាយប្រហារភេរវកម្ម ត្រូវបានគេរៀបចំអស់រយៈពេលជាច្រើនខែ ហើយនៅពេលនេះជនសង្ស័យទាំង៥នាក់ ត្រូវគេបញ្ជូនទៅឃុំខ្លួន។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ មានករណីវាយប្រហារមួយនៅទីក្រុងនីសបណ្តាលឲ្យមនុស្ស៨៤នាក់ស្លាប់ ខណៈដែលមនុស្សម្នាទាំងនោះកំពុងចូលរួមប្រារព្ធពិធីបុណ្យជាតិបារាំង ៕