ហ្វីលីពីន៖ប្រជាពលរដ្ឋហ្វីលីពីនរាប់រយនាក់បានប្រមូលផ្ដុំគ្នាដើរជាក្បួនទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងម៉ានីល ដើម្បីតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅប្រទេសនេះកាលពីម្សិលមិញ។
ក្រុមអ្នកតវ៉ាបាននាំគ្នាកាន់បដានិងស្រែកថា «សូមដកកងទ័ពអាមេរិកចេញពីប្រទេសហ្វីលីពីននៅពេលនេះភ្លាម» ហើយកងកម្លាំងបង្ក្រាបកុបកម្មបានរារាំងក្រុមបាតុករមិនឲ្យចូលទៅដល់បរិវេណស្ថានទូតអាមេរិកនោះទេ។ ក្រុមអ្នកតវ៉ាបាននិយាយថា សហរដ្ឋអាមេរិកធ្វើដូចជាអព្យាក្រិត ប៉ុន្តែធាតុពិតសហរដ្ឋអាមេរិកគឺចង់ទប់ឥទ្ធិពលរបស់ចិន និងបង្កើតឥទ្ធិពលខ្លួននៅក្នុងតំបន់នេះ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឃើរី ទៅកាន់ប្រទេសហ្វីលីពីននេះកើតឡើងនៅចំពេលដែលជម្លោះរវាងប្រទេសចិន និងហ្វីលីពីនកំពុងឡើងកម្ដៅខ្លាំងពាក់ព័ន្ធនឹងប្រជុំកោះនៅក្នុងដែនសមុទ្រចិនខាងត្បូង ក្រោយពីតុលាការក្រុងឡាអេបានប្រកាសសាលដីកាសម្រេចឲ្យភាគីហ្វីលីពីនឈ្នះក្ដីលើភាគីចិនកាលពីថ្ងៃទី១២ខែកក្កដាកន្លងទៅនេះ៕