តួកគី៖កាលពីថ្ងៃពុធប្រទេសតួកគីបានបញ្ចប់តំណែងឧត្តមសេនីយ៍ចំនួន១៤៩នាក់ និងបញ្ជាឲ្យបិទប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងដំណាក់កាលថ្មីនៃការបង្ក្រាបដ៏ចម្រូងចម្រាស់បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ។
មន្ត្រីតួកគីម្នាក់បាននិយាយថា មេទ័ពជើងគោក៨៧នាក់ មេទ័ពអាកាស៣០នាក់ និងមេបញ្ជាការកងទ័ពជើងទឹក៣២នាក់សរុបទាំងអស់១៤៩នាក់ត្រូវបានបណ្តេញចេញពីមុខតំណែងដោយសារតែពួកគេបានពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ មន្ត្រីរូបនោះបន្តថា លើសពីនេះទៀតមន្ត្រីចំនួន១.០៩៩នាក់និងមន្ត្រីថ្នាក់ទាប៤៣៦នាក់ក៏ត្រូវបានបញ្ចប់ការងារផងដែរ។ មន្ត្រីបាននិយាយទៀតថា មានការបញ្ជាឲ្យបិទទីភ្នាក់ងារព័ត៌មានចំនួន៣ ស្ថានីយទូរទស្សន៍១៦ ស្ថានីយ វិទ្យុ២៣ កាសែត៤៥ ទស្សនាវដ្តី១៥និងកន្លែងបោះពុម្ពចំនួន២៩។ ទន្ទឹមនោះ អាជ្ញាធរបានចេញដីកាចាប់ខ្លួនអ្នកកាសែត៤២នាក់កាលពីដើមសប្តាហ៍នេះ។
គួរបញ្ជាក់ថា ការបញ្ចប់តំណែងឧត្តមសេនីយ៍ដែលភាគច្រើននៃពួកគេកំពុងស្ថិតក្រោមការចាប់ខ្លួននោះបានកើតឡើងមុនកិច្ចប្រជុំនៃក្រុមប្រឹក្សាយោធាកំពូលរបស់តួកគីដែលត្រូវបានគេរំពឹងថានឹងមានការព្រមព្រៀងគ្នាលើការផ្លាស់ប្តូរតួនាទី និងមុខតំណែងក្នុងកងកម្លាំងប្រដាប់អាវុធជាទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕