ជំនួប​រវាង​លោក ហ៊ុន សែន – សម រង្ស៊ី បានបញ្ចប់​លើ​ចំណុច​សេសសល់​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2014 ក+ ក-

ភ្នំពេញ​៖ ចំណុច​ដែល​សេសសល់​មិនទាន់​ចុះ សម្រុង​គ្នា​នៅក្នុង​សេចក្តីព្រាងច្បាប់​គណៈ កម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​នាពេល​កន្លងមក ត្រូវបាន​បញ្ចប់​ក្រោយពី​មាន​ជំនួប​កំពូល​រវាង លោក ហ៊ុន សែន និង​លោក សម រង្ស៊ី រយៈពេល​ជាង​មូ​យ​ម៉ោង​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​វិមាន​រដ្ឋសភា ក្នុងឱកាស​រដ្ឋសភា​បើក​កិច្ចប្រជុំ​អនុម័ត​ថវិកាជាតិ​ឆ្នាំ​២០១៥​។​

ជំនួប​កំពូល​បានសម្រេច​បញ្ចប់​លើ ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ ក៏បាន​ឯកភាពគ្នា ជំរុញ​ការបញ្ចប់​លើ​សេចក្តីស្នើ​សេចក្តីព្រាងច្បាប់​គ​.​ជ​.​ប និង​សេចក្តីស្នើ​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម​ច្បាប់បោះឆ្នោត ឲ្យ​រួចរាល់​ចប់សព្វគ្រប់ ជាមួយគ្នា​យ៉ាងយូរ​នៅ​ដំណាច់​ខែកុម្ភៈ ឆ្នាំ​២០១៥​ខាងមុខនេះ​។​

លោក គួ​យ ប៊ុន​រឿន តំណាង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កើត រិ​ទ្ធ តំណាង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​រួមគ្នា ទៅកាន់​ក្រុមអ្នកកាសែត ក្រោយ​បញ្ចប់​ជំនួប​កំពូល​នេះ​ថា ថ្នាក់​ដឹក​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ចំនួន​បី​ចំណុច​មាន ៖

១.​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ព្រម​តាម​សំណើ​របស់លោក សម រង្ស៊ី នូវ​ដំណើរ​ការបើក​ទូរទស្សន៍ និង​វិទ្យុ បន្ត​ការផ្សព្វផ្សាយ​នៅតាម​បណ្តា​ខេត្ត​នានា​។ លោកនាយក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ទទួលបាន​គោលការណ៍ ត្រូវ​ទៅ​បំពេញបែបបទ​នៅ​ក្រសួង​ព័ត៌មាន​តាម​នីតិវិធី​ជា​ធរមាន​។​

២.​ទាក់ទង​នឹង​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា ក្នុងនោះ​ថ្នាក់ដឹកនាំ​ទាំង​ពីរបាន​ឯកភាពគ្នា​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨ ថ្មី​(​ពីរ​)​ដើម្បី​ឲ្យ​មានការ​រៀបចំ​ប្រធាន​ដែលជា​តំណាងរាស្ត្រ​របស់ គណបក្សនយោបាយ​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​។ ទន្ទឹមនឹងនេះ ក៏​បើក​ឲ្យ​មាន​ប្រធាន​ក្រុម​នៃ​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា ហើយ​ប្រធាន​ក្រុម​ភាគតិច​មាន​ថ្នាក់​ស្មើ​នាយករដ្ឋមន្ត្រី​។​

៣.​ចំពោះ​រាល់​បញ្ហា​ដែល​នៅ​សេសសល់ មិនទាន់​ចុះសម្រុង​គ្នា នៅក្នុង​សេចក្តីស្នើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ គ​.​ជ​.​ប ត្រូវបាន​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំងពីរ​ឯកភាពគ្នា ដោះស្រាយ​បញ្ចប់ ហើយ​ក្រុមការងារ​គណបក្ស​ទាំងពីរ នឹង​បន្ត​ជួបប្រជុំគ្នា​ដើម្បី​អនុវត្តតាម​ស្មារតី​នេះ នៅ​សប្តាហ៍​ក្រោយ​៕
Untitled-6

​លោក គួ​យ ប៊ុន​រឿន និង លោក កើត រិ​ទ្ធ បានធ្វើ​សន្និសីទកាសែត ថ្លែង​រួមគ្នា​ក្រោយ​ជំ​នូ​ប​កំពូល​។​