បាងកក៖អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីង ឡាក់ ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃសុក្រដើម្បីផ្តល់សេចក្តីថ្លែងការណ៍មួយក្នុងការជំនុំជម្រះបទល្មើសព្រហ្មទណ្ឌលើការគ្រប់គ្រងគម្រោងស្រូវអង្កររបស់លោកស្រីដែលក្រុមអ្នករិះគន់និយាយថា បានបំផ្លាញទឹកប្រាក់រាប់កោដិដុល្លារ។
លោកស្រីយីងឡាក់ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសថៃត្រូវបានបណ្តេញចេញពីតំណែងដោយតុលាការមួយប៉ុន្មានថ្ងៃមុនពេលយោធាឡើងកាន់អំណាចក្នុងរដ្ឋប្រហារខែឧសភាឆ្នាំ២០១៤។
គម្រោងនេះដែលជាគោលនយោបាយមួយជួយឲ្យលោកស្រីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងឆ្នាំ២០១១គឺជាកត្តាជំរុញឲ្យមានការតវ៉ាតាមដងផ្លូវយ៉ាងខ្លាំងក្នុងឆ្នាំ២០១៤ដែលនាំទៅដល់ការកាន់កាប់ដោយយោធា។
លោកស្រីយីងឡាក់បានប្រាប់អ្នកកាសែតខណៈដែលអ្នកគាំទ្រលោកស្រីរាប់រយនាក់ប្រមូលផ្តុំគ្នានៅឯតុលាការកំពូលភាគខាងជើងរាជធានីបាងកកថា “ខ្ញុំជឿជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្ញុំនៅថ្ងៃនេះ ខ្ញុំនឹងធ្វើឲ្យបានល្អបំផុតដើម្បីបង្ហាញថា ខ្ញុំគ្មានទោសកំហុសដូចដែលខ្ញុំត្រូវបានគេចោទប្រកាន់នោះទេ”។
លោកស្រីយីងឡាក់បានរងការចោទប្រកាន់ពីបទធ្វេសប្រហែសលើការគ្រប់គ្រងនៃកម្មវិធីស្រូវអង្ករនេះដែលជាផ្នែកមួយនៃគោលនយោបាយប្រជានិយមបង្កើតឡើងដោយបងប្រុសរបស់លោកស្រីគឺអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីនស៊ីណាវ៉ាត្រា។ លោកថាក់ស៊ីនក៏ត្រូវបានផ្តួល រលំផងដែរនៅក្នុងរដ្ឋប្រហារឆ្នាំ២០០៦ ។
ត្រកូលថាក់ស៊ីនគឺជាចំនុចកណ្តាលចំពោះជម្លោះមួយដែលបានបែងចែកប្រជាជនថៃអស់រយៈពេលជាងមួយទសវត្សរ៍មកនេះ។ លោកបានរស់នៅក្នុងការនិរទេសខ្លួននៅក្រៅប្រទេសដើម្បីជៀសវាងការជាប់ពន្ធនាគារសម្រាប់ការចោទប្រកាន់ពីបទរំលោភអំណាចដែលលោកបាននិយាយថា នោះគឺជាការជំរុញខាងផ្នែកនយោបាយ៕