កុងហ្គោ៖មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់៤២នាក់ត្រូវបានសម្លាប់នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីថ្ងៃអាទិត្យនៅក្នុងអ្វីដែលរដ្ឋាភិបាលរៀបរាប់ថាជាការសម្លាប់រង្គាលមួយដើម្បីសងសឹកចំពោះប្រតិបត្តិការយោធានៅក្នុងតំបន់នេះ។
អ្នកនាំពាក្យកងទ័ព Mak Hazukay បាននិយាយថា ការវាយប្រហារនោះត្រូវបានធ្វើឡើងដោយកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ដែលជាក្រុមប្រដាប់អាវុធឥស្លាមមួយនៃប្រភពដើមអ៊ូហ្គង់ដា។ លោក Hazukay បាននិយាយទៀតថា ពួកឧទ្ទាម ADF បានចៀសវាងទីតាំងកងទ័ព ហើយមកនិងសម្លាប់រង្គាលប្រជាជនដើម្បីជាការសងសឹកចំពោះប្រតិបត្តិការយោធានៅក្នុងតំបន់នេះ។
ក្រុមនេះមានវត្តមាននៅប្រទេសកុងហ្គោរយៈពេលជាងពីរទសវត្សរ៍មកហើយនិងត្រូវបានគេចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងក្លា។ ជនរងគ្រោះត្រូវបានគេប្រទះឃើញក្នុងសង្កាត់ Rwangoma នៅជាយក្រុង Beni ។ នេះបើយោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលគឺលោក Lambert Mende ។
គួរបញ្ជាក់ថា ការសម្លាប់នេះបានកើតឡើងបីថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Joseph Kabila បានធ្វើដំណើរទៅកាន់តំបន់នេះហើយសន្យាថានឹងធ្វើអ្វីគ្រប់យ៉ាងក្នុងអំឡុងពេលកាន់អំណាចរបស់ខ្លួនដើម្បីនាំមកនូវសន្តិភាពនិងសន្តិសុខជូនប្រទេស៕