​ព្រហ្មទណ្ឌក្រុងឃាត់ខ្លួន​អង្គរក្ស​ឧកញ៉ា ថោង សារ៉ាត់ ចំនួន​៣​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2014 ក+ ក-

​ភ្នំពេញ​៖​អង្គរក្ស​លោក​ឧកញ៉ា ថោង សារ៉ាត់ ចំនួន​៣​នាក់ ត្រូវបាន​នាំ ខ្លួនយកទៅ​សាកសួរ​នៅ​ស្នងការ ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃទី​១ ខែ ធ្នូ ឆ្នាំ ២០១៤ ប៉ុន្តែ​រហូតមកដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការឃាត់ខ្លួន​នៅឡើយ​ទេ​។​

លោក ជួន ណារិន ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ពិតជា​បាន​ឃាត់ខ្លួន​អង្គរក្ស​លោក​ឧកញ៉ា​ផ្ទាល់​ម្នាក់ និង​២​នាក់​ទៀត ជា​អ្នកជិះ​ម៉ូតូ​តាម​ការពារ​សុវត្ថិភាព​ពី​ខាងក្រោយ ដើម្បី​នាំយកទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាកដ​មែន ប៉ុន្តែ​លោកស្នងការ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការឃាត់​នាំខ្លួន​នោះឡើយ​។ ក្នុង​ហេតុការណ៍​ឃាត់ខ្លួន​នោះ លោក​ឧកញ៉ា​ថោង សារ៉ាត់ ក៏​នៅ​ទីនោះ​ដែរ គឺ​នៅត្រង​ង់​ចំណុច មុខ​មន្ទីរពេទ្យ​រុស្សី ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

លោក ជួន ណារិន បាន​អះអាងថា នេះ​គ្រាន់តែ​ជាការ​ហៅ​ទៅ​សាកសួរ ដើម្បី​យក​ព័ត៌មាន មួយចំនួន​ប៉ុណ្ណោះ គឺ​សមត្ថកិច្ច​នៅ​មិនទាន់​សន្និដ្ឋានថា មនុស្ស​ទាំង​៣​នាក់​នេះ​ពាក់ព័ន្ធ​នឹង អំពើ​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នៅឡើយ​ទេ ព្រោះ​
កំពុងធ្វើការ​សាកសួរ និង​ផ្ទៀង ផ្ទាត់​ព័ត៌មាន​។​

ចំណែក​ព័ត៌មាន​ដែលថា ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ថៅកែ​ម្ចាស់​បុរី​៩៩៩​នោះ លោក​ស្នង ការរង ជួន សារិន និង​បដិសេធថា មិនបាន​ចាប់ខ្លួន​លោក​ឧកញ៉ា​ទេ ប៉ុន្តែ​គេ​អាច​ភ័ន្តច្រឡំ នៅពេលដែល លោក​ឧកញ៉ា ថោង សារ៉ាត់​ជិះ​រថយន្ត​ទៅ​មើល​អង្គរក្ស​ទាំង​៣​របស់លោក ដែល​ត្រូវ សមត្ថកិច្ច​ហៅ​យកទៅ​សួរ​នាំនៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

សូម​រម្លឹក​ផងដែរ​ថា កន្លងមក ប្រធាន​តុលាការ​ទីក្រុង​ភ្នំពេញ​លោក​អាំង មាលតី និង​ភរិយា បានដាក់​ពាក្យ​ប្ដឹង​លោក​ឧកញ៉ា ថោង សារ៉ាត់ ដោយ​ចោទប្រកាន់​ពីបទ ឆបោក​ពាក់ព័ន្ធ​ទៅនឹង​ករណី​ទិញ​លក់​ផ្ទះ​តម្លៃ​ជាង​២២​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​ក្រោយពី​បង់ប្រាក​គ្រប់​ចំនួន​ហើយ​បែរជា​ឯកសារ​ផ្ទេរសិទ្ធិ​កាន់កាប់ គ្មាន​ឈ្មោះ​លោក អាំង មាលតី និង​ភរិយា​ជា​ម្ចាស់​លំនៅដ្ឋាន​នោះ​ទៅវិញ​។ ពាក្យបណ្តឹង​រឿង​ព្រហ្មទណ្ឌ​នោះ បាន​ដាក់ចូល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៤​កន្លងមកនេះ​៕ រដ្ឋា

Untitled-5

 

 

 

 

លោក​ឧក​ញ្ញ៉ា ថោង សារ៉ាត់​