រុស្ស៊ី៖រុស្ស៊ីបានប្រើប្រាស់ប្រទេសអ៊ីរ៉ង់ធ្វើជាមូលដ្ឋានមួយដើម្បីបើកការវាយប្រហារអាកាសប្រឆាំងពួកសកម្មប្រយុទ្ធស៊ីរី ពង្រីកយុទ្ធនាការអាកាសរបស់ខ្លួនក្នុងប្រទេសស៊ីរី និងបង្កើនការចូលពាក់ព័ន្ធរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា។
នៅក្នុងទង្វើមួយដែលបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ក្រុងមូស្គូជាមួយក្រុងតេអេរ៉ង់ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយប្រភេទ Tupolev-22M3 និង Sukhoi-34 របស់រុស្ស៊ីបានប្រើប្រាស់មូលដ្ឋានអាកាស Hamadan របស់អ៊ីរ៉ង់ដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសស៊ីរី។
វាជាលើកដំបូងហើយដែលប្រទេសរុស្ស៊ីបានប្រើទឹកដីនៃប្រទេសផ្សេងក្រៅពីស៊ីរីដើម្បីបើកការវាយប្រហារបែបនេះចាប់តាំងពីវិមានក្រឹមឡាំងបើកយុទ្ធនាការទម្លាក់គ្រាប់បែកមួយដើម្បីគាំទ្រលោកប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងខែកញ្ញាឆ្នាំមុន។
ការដាក់ពង្រាយនៅអ៊ីរ៉ង់នឹងបង្កើនរូបភាពរបស់រុស្ស៊ីជាតួអង្គកណ្តាលនៅក្នុងតំបន់មជ្ឈិមបូព៌ានិងអនុញ្ញាតឲ្យកងទ័ពអាកាសរុស្ស៊ីកាត់បន្ថយពេលវេលាហោះហើរហើយបង្កើនការទម្លាក់គ្រាប់បែក។
ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA ដែលបាននិយាយថា រដ្ឋាភិបាលទីក្រុងតេរ៉ង់និងមូស្គូនាពេលឥឡូវនេះកំពុងចែករំលែកទីតាំងជាមួយគ្នា។
ប្រទេសទាំងពីរសុទ្ធតែគាំទ្រលោក Assad ។ បន្ទាប់ពីពន្យាពេល រុស្ស៊ីបានផ្គត់ផ្គង់ឲ្យអ៊ីរ៉ង់នូវប្រព័ន្ធការពារមីស៊ីល S-300 របស់ខ្លួនដើម្បីបង្ហាញជាភស្ដុតាងនៃការកើនឡើងភាពជាដៃគូ ។
ទំនាក់ទំនងរវាងទីក្រុងតេរ៉ង់និងមូស្គូកាន់តែកក់ក្តៅចាប់តាំងពីអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងមួយកាលពីឆ្នាំមុនជាមួយមហាអំណាចពិភពលោកដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការលើកលែងទណ្ឌកម្មផ្នែកហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុបនិង សហរដ្ឋអាមេរិក៕