យេមែន៖អង្គការគ្រូពេទ្យគ្មានព្រំដែន(MSF)កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ខ្លួនកំពុងជម្លៀសបុគ្គលិករបស់ខ្លួនចេញពីមន្ទីរពេទ្យចំនួនប្រាំមួយនៅភាគខាងជើងប្រទេសយេមែនបន្ទាប់ពីមនុស្ស១៩នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារអាកាសមួយលើទីតាំងរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ។
ការវាយប្រហាររបស់ក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃចន្ទលើមន្ទីរពេទ្យ Abs ក្នុងខេត្ត Hajja ដែលពួកឧទ្ទាមកាន់កាប់គឺជាការវាយប្រហារលើកទីបួននិងសម្លាប់មនុស្សច្រើនបំផុតលើទីតាំងរបស់អង្គការ MSF ក្នុងប្រទេសយេមែនដែលហែកហួរដោយសង្គ្រាម។ នេះបើយោងតាមការលើកឡើងរបស់អង្គការនេះ។
ទីភ្នាក់ងារជំនួយដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តដកបុគ្គលិកចេញនេះនឹងត្រូវធ្វើឡើងបន្តិចម្តងៗ។ ទីភ្នាក់ងារនេះបានចោទប្រកាន់ក្រុមចម្រុះអំពីការទម្លាក់គ្រាប់បែកមិនរើសមុខនិងការធានាមិនគួរឲ្យទុកចិត្តបាន ។
សេចក្តីថ្លែងការណ៍នេះបានបន្តថា “ដោយសាតែការវាយលុកកាន់តែខ្លាំងឡើងៗនិងការបាត់បង់ទំនុកចិត្តរបស់យើងចំពោះលទ្ធភាពរបស់ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតក្នុងការទប់ស្កាត់ការវាយប្រហារសាហាវបែបនេះទៀត MSF បានពិចារណាថា មន្ទីរពេទ្យនៅក្នុងតំបន់ Saada និង Hajjah គឺគ្មានសុវត្ថិភាពចំពោះទាំងអ្នកជំងឺនិងបុគ្គលិក”។ MSF បាននិយាយថា មន្ទីរពេទ្យទាំងនេះនឹងបន្តគ្រប់គ្រងដោយកម្មករក្នុងស្រុកនិងអ្នកស្ម័គ្រចិត្ត។
ប្រទេសយេមែនបានរងគ្រោះដោយភាពចលាចលចាប់តាំងពីពួកឧទ្ទាមនិកាយស៊ីអ៊ីត Huthi ដែលគាំទ្រដោយអ៊ីរ៉ង់និងសម្ព័ន្ធមិត្តស្មោះត្រង់អតីតប្រធានាធិបតី Ali Abdullah Saleh បានរាតត្បាតរដ្ឋធានី Sanaa នៅខែកញ្ញាឆ្នាំ ២០១៤។
អំពើហិង្សាបានកើនឡើងបន្ទាប់ពីក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតចាប់ផ្ដើមយុទ្ធនាការយោធាមួយនៅក្នុងខែមីនាឆ្នាំមុនដើម្បីជួយដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Abedrabbo Mansour Hadi ៕