អ៊ីស្រាអែល៖កងទ័ព និងប៉ូលិសបាននិយាយថា ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានបាញ់រ៉ុក្កែតមួយគ្រាប់ដែលធ្លាក់នៅក្នុងតំបន់ព្រំដែនអ៊ីស្រាអែល Sderot កាលពីថ្ងៃអាទិត្យហើយយន្តហោះនិងរថក្រោះអ៊ីស្រាអែលបានឆ្លើយតបវិញដោយបាញ់គ្រាប់ផ្លោងដាក់តំបន់ Beit Hanoun របស់ហ្គាហ្សា។
ប៉ូលិសបាននិយាយថា រ៉ុក្កែតនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសឬខូចខាតអ្វីនោះទេក្នុងតំបន់ Sderot ដែលជាកន្លែងវាបានធ្លាក់ក្នុងតំបន់លំនៅដ្ឋាន។
ក្រោយមក ការវាយប្រហារផ្លូវអាកាសជាច្រើនលើកនៅពេលល្ងាចបានវាយប្រហារតំបន់ផ្សេងគ្នាយ៉ាងហោចណាស់៣០នៅតំបន់ហ្គាហ្សាស្ទ្រីបដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាសហើយមានមនុស្សពីរនាក់របួសស្រាល។ នេះបើតាមការលើកឡើងរបស់មន្ត្រីសុខាភិបាល ហ្គាហ្សា។
យោធាអ៊ីស្រាអែលនិយាយថា យន្តហោះបានវាយប្រហារគោលដៅនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីបហើយបានបន្ថែមថា ចាប់តាំងពីដើមឆ្នាំនេះមក មានរ៉ុក្កែតរបស់ហ្គាហ្សាចំនួន១៤គ្រាប់បានធ្លាក់នៅអ៊ីស្រាអែល។
ក្រុមហាម៉ាសបានគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប និងបានគោរពបទឈប់បាញ់ជាមួយអ៊ីស្រាអែលចាប់តាំងពីសង្គ្រាមឆ្នាំ២០១៤មកប៉ុន្តែក្រុមប្រដាប់អាវុធតូចៗមួយចំនួននៃពួកជីហាដសាឡាហ្វីសបានផ្គើននឹងកិច្ចព្រមព្រៀងនេះហើយបន្តការវាយប្រហារគ្រាប់រ៉ុក្កែតម្តងម្កាលលើអ៊ីស្រាអែល ។
គួរបញ្ជាក់ថា ពលរដ្ឋប៉ាឡេស្ទីនជាង២.១០០នាក់ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់ក្នុងអំឡុងជម្លោះតំបន់ហ្គាហ្សាឆ្នាំ២០១៤។ ទាហានអ៊ីស្រាអែល៦៧នាក់និងជនស៊ីវិលប្រាំមួយនាក់ក្នុងប្រទេសអ៊ីស្រាអែលត្រូវបានសម្លាប់ដោយគ្រាប់រ៉ុក្កែតនិងការវាយប្រហារដោយក្រុមហាម៉ាសឬក្រុមសកម្មប្រយុទ្ធដទៃទៀត៕