ឥណ្ឌា៖ប្រេសិតក្រុងកាប៊ុលប្រចាំទីក្រុងញូវដេលីបាននិយាយថា ឥណ្ឌានឹងបញ្ជូនអាវុធបន្ថែមទៀតទៅឲ្យអាហ្វហ្គានីស្ថានដើម្បីជួយប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធឥស្លាមបើទោះបីជា ប៉ាគីស្ថានមានការប្រុងប្រយ័ត្នអំពីកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរនេះដែលស្ថិតនៅភាគខាងកើតនិងភាគខាងលិចរបស់ខ្លួនក៏ដោយ។
ឥណ្ឌាបានផ្តល់ជំនួយសេដ្ឋកិច្ចក្នុងចំនួនទឹកប្រាក់ជាង២ពាន់លានដុល្លារអាមេរិកទៅឲ្យអាហ្វហ្គានីស្ថានក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះប៉ុន្តែមានវិធានការកាន់តែច្រើនក្នុងការផ្តល់អាវុធក្នុងគោលបំណងជៀសវាងប្រតិកម្មមួយពីប្រទេសប៉ាគីស្ថានដែលចាត់ទុកអាហ្វហ្គានីស្ថានថាជាតំបន់ដ៏មានឥទ្ធិពលរបស់ខ្លួន។
បន្ទាប់ពីអូសបន្លាយពេលច្រើនឆ្នាំ កាលពីខែធ្នូមុន ទីក្រុងញូវដេលីបានប្រកាសពីការផ្គត់ផ្គង់ឧទ្ធម្ភាគចក្រប្រយុទ្ធចំនួនបួនគ្រឿងនៅក្នុងការផ្ទេរឧបករណ៍សាហាវដំបូងរបស់ឥណ្ឌាទៅឲ្យរដ្ឋាភិបាលក្រុងកាប៊ុលចាប់តាំងពីចលនាតាលីបង់ឥស្លាមត្រូវបានផ្តួលរំលំ។
ក្រុងកាប៊ុលបានដាក់ពង្រាយភ្លាមនៃឧទ្ធម្ភាគចក្រវាយប្រហាររបស់រុស្ស៊ីធុន Mi-25 ចំនួនបីគ្រឿងដើម្បីកម្ចាត់ពួកបះបោរហើយទីបួននឹងត្រូវបញ្ចូលនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោក Mohammad Abdali Shaida ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំប្រទេសឥណ្ឌាបានឲ្យដឹងថា សន្តិសុខក្នុងតំបន់កំពុងយ៉ាប់យ៉ឺនហើយកងកម្លាំងជាតិអាហ្វហ្គានីស្ថានត្រូវការគ្រឿងផ្គត់ផ្គង់យោធាជាចាំបាច់ដើម្បីទប់ទល់ជាមួយពួកតាលីបង់ រដ្ឋឥស្លាមនិងក្រុមសកម្មប្រយុទ្ធដទៃទៀត។
នៅថ្ងៃទី២៩ខែសីហា ប្រធានកងទ័ពអាហ្វហ្គានីស្ថានលោកឧត្តមសេនីយ៍ Qadam Shah Shahim ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលីដើម្បីដាក់បញ្ជីនៃគ្រឿងបរិក្ខាយោធាដែលគូរឡើងនៅក្នុងការពិគ្រោះយោបល់ជាមួយយោធាសហរដ្ឋអាមេរិក។ នេះបើតាមការលើកឡើងរបស់មន្ត្រីការពារជាតិឥណ្ឌា។
ឧបករណ៍ទាំងនោះរួមបញ្ចូលទាំងឧទ្ធម្ភាគចក្រ Mi-25 ជាច្រើនគ្រឿងទៀត ឧទ្ធម្ភាគចក្រទំហំតូចប្រើសម្រាប់ការដឹកជញ្ជូនកងទ័ពនិងការសង្គ្រោះបន្ទាន់និងគ្រឿងបន្លាស់សម្រាប់យន្តហោះរបស់រុស្ស៊ីដែលមានស្រាប់ក្នុងកងទ័ពអាកាសអាហ្វហ្គានីស្ថាន៕