រុស្ស៊ី​ឈប់យក​អ៊ីរ៉ង់​ធ្វើជាមូលដ្ឋានសម្រាប់​វាយប្រហារ​នៅ​ស៊ី​រី​ទៀតហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2016 ក+ ក-

​រុស្ស៊ី​៖​ប្រទេស​រុស្ស៊ី​ឈប់​ប្រើ​មូលដ្ឋាន​អាកាស​របស់​អ៊ីរ៉ង់​ដើម្បី​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ប្រទេស​ស៊ី​រី​ហើយ​។ នេះ​បើតាម​ការលើកឡើង​កាលពី​ថ្ងៃ​ចន្ទ​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​ដែលមាន​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ អ៊ីរ៉ង់​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​សម្រាប់​អាកប្បកិរិយា​មិន​សមរម្យ​ដោយសារតែ​ការ​ផ្សព្វផ្សយ​អំពី​សកម្មភាព​របស់​ពួកគេ​។​
​ក្រុង​មូ​ស្គូ​ដែល​បាន​ប្រើ​មូលដ្ឋាន​អាកាស Shahid Nojeh ដើម្បី​ចាក់​សាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​វាយប្រហារ​ប្រទេស​ស៊ី​រី​យ៉ាងហោចណាស់​បី​ដង​កាលពី​សប្តាហ៍​មុន​បាន​បញ្ជាក់ថា យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ទាំងអស់​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អ៊ីរ៉ង់​បាន​វិលត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ​ហើយ​។​
​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា​ដរាបណា​អ៊ីរ៉ង់​នៅតែ​យល់ព្រម រុស្ស៊ី​នៅតែ​អាច​ប្រើ​មូលដ្ឋាន​អាកាស​អ៊ីរ៉ង់​ម្ដងទៀត​ដោយ​អាស្រ័យ​លើ​ស្ថានភាព​នៅក្នុង​ប្រទេស​ស៊ី​រី​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Bahram Ghasemi ប្រាប់​អ្នកកាសែត​ក្នុង​ទីក្រុង​តេ​រ៉ង់​ថា ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​លើ​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ប្រទេស​ស៊ី​រី​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយ​ផ្អែកលើ​ការស្នើរ​សុំ​របស់​ប្រទេស​រុស្ស៊ី​។​
​កាលពី​សប្តាហ៍​មុន ប្រទេស​រុស្ស៊ី​បានប្រកាសថា ខ្លួន​បាន​ប្រើ​វាល​យន្តហោះ​ដែល​ស្ថិតនៅ​ប្រហែល​៥០​គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង​របស់​អ៊ីរ៉ង់ Hamedan ។ ក្រុមមន្ត្រី​អ៊ីរ៉ង់​បានបញ្ជាក់​អំពី​វត្តមាន​របស់​រុស្ស៊ី​នៅ​មួយថ្ងៃ​ក្រោយមក​។​
​សម្រាប់​ប្រទេស​អ៊ីរ៉ង់ ការអនុញ្ញាត​ឲ្យ​ប្រទេស​រុស្ស៊ី​បើក​ការវាយប្រហារ​ចេញពី​ខាងក្នុង​ប្រទេស​នេះ​ទំនងជា​បង្ក​ឲ្យ​មាន​ការមិន​ពេញចិត្ត​។ មនុស្ស​ជាច្រើន​នៅតែ​ចងចាំ​អំពី​របៀប​ដែល​ប្រទេស​រុស្ស៊ី​រួម​ជាមួយនឹង​ចក្រភព​អង់គ្លេស​បាន​ឈ្លានពាន​ហើយ​កាន់កាប់​អ៊ីរ៉ង់​អំឡុង​សង្គ្រាមលោកលើកទីពីរ​ដើម្បី​ការពារ​វិស័យ​ប្រេង​និង​ខ្សែបណ្ដាញ​ផ្គត់ផ្គង់​។ ប៉ុន្តែ​ខណៈពេលដែល​អង់គ្លេស​បាន​ដកថយ ប្រទេស​រុស្ស៊ី​បាន​បដិសេធ​មិន​ព្រម​ចាកចេញ​ដោយ​បង្ក​ឲ្យ​មានការ​ស្តីបន្ទោស​ជា​អន្តរជាតិ​លើកដំបូង​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ទើប​ចាប់កំណើត​ក្នុង​ឆ្នាំ​១៩៤៦៕

Capture15