ជប៉ុន៖នៅថ្ងៃពុធប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹកប្រកបដោយជោគជ័យដែលបានធ្លាក់នៅតំបន់ការពារដែនអាកាសរបស់ប្រទេសជប៉ុនដោយបង្កើនកម្រិតគ្រោះថ្នាក់ចំពោះសមយុទ្ធយោធាដែលកំពុងបន្តរវាងកូរ៉េខាងត្បូងជាមួយអាមេរិក។
សេចក្តីថ្លែងការណ៍ពីអគ្គសេនាធិការរួមរបស់យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលដែលបាញ់នៅពេលព្រឹកព្រលឹមចេញពីនាវាមុជទឹកនៅសមុទ្រខាងកើត (សមុទ្រជប៉ុន) បានហោះចម្ងាយប្រហែល៥០០គីឡូម៉ែត្រ។
លោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីនហ្សូ អាបេ បាននិយាយថា មីស៊ីលនេះបានបំពានតំបន់កំណត់ ដែនអាកាស (ADIZ) នៃប្រទេសរបស់លោកហើយបានថ្កោលទោសចំពោះអ្វីដែលលោកបានហៅថា “ជារឿងមិនអាចលើកលែងបាន ទង្វើមិនប្រុងប្រយ័ត្ននិងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះសន្តិសុខរបស់ប្រទេសជប៉ុន”។
ការធ្វើតេស្តនៅថ្ងៃពុធបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងបានគំរាមវាយប្រហារនុយក្លេអ៊ែរការពារជាមុនប្រឆាំងនឹងកងកម្លាំងកូរ៉េខាងត្បូងនិងអាមេរិកដែលបានចាប់ផ្តើមសមយុទ្ធយោធា “Ulchi Freedom” ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការរួមបាននិយាយថា ច្បាស់ណាស់ កូរ៉េខាងជើងកំពុងបង្កើនភាពតានតឹងយ៉ាងខ្លាំងជាមួយនឹងការបាញ់មួយដែលបង្កជា “បញ្ហាប្រឈមធ្ងន់ធ្ងរ” ដល់សន្តិសុខនៅឧបទ្វីបកូរ៉េនិងបង្ហាញពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បានថ្កោលទោសផងដែរចំពោះការធ្វើតេស្តនេះនិងបានព្រមានប្រឆាំងនឹងការបង្កហេតុបន្ថែមទៀតណាមួយរបស់ក្រុងព្យុងយ៉ាង។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Gary Ross បានថ្លែងថា “ការប្តេជ្ញាចិត្តរបស់យើងដើម្បីការពារសម្ព័ន្ធមិត្តរបស់យើងរួមទាំងសាធារណរដ្ឋកូរ៉េនិងជប៉ុនដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងនោះគឺមិនអាចរំលោភបានឡើយ”៕