ភ្នំពេញ៖ លោក នូ វាសនា ចៅក្រមសាលា ដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ បានលើកយកសំណុំរឿងព្រហ្មទណ្ឌពីបទ«មនុស្សឃាតមានស្ថានទម្ងន់ទោស» មកសវនាការដែលសំណុំរឿងនេះ មានជនជាប់ចោទម្នាក់ ដែលបានចាក់សម្លាប់ ស្ត្រីជនជាតិហូឡង់ម្នាក់ និងចាក់កូនស្រីនាងឱ្យរបួសធ្ងន់ ដើម្បីលួចយកកង់ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤។
លោកចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាក្នុងសំណុំរឿងនេះមានតែជនជាប់ចោទរូបនេះ មានឈ្មោះ ជា ភិន ហៅ ពៅ ធិន ហៅតា ហៅ តុញ ធិន ហៅជា សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនអនាថា ស្នាក់នៅក្នុងវត្តថាន់ ក្នុងខណ្ឌចំការមន។ ជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីតំណាងអយ្យការពីបទ «មនុស្សឃាតមានស្ថានទម្ងន់ទោស» មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជណាចក្រកម្ពុជា។
លោកចៅក្រមបានលើកឡើងថា ជនជាប់ចោទត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃ ទី០២ ខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្ម ទៅលើជនរងគ្រោះនៅថ្ងៃកើតហេតុដូចទីតាំងខាងលើនេះ។
នាពេលសវនាការ ជនជាប់ចោទឈ្មោះ ជា ភិន ហៅពៅ ធិន ហៅតា ហៅ តុញ ធិន ហៅជា សុភាព បានទទួលសារភាពអំពីទង្វើរបស់ខ្លួន ប៉ុន្តែបាននិយាយថាខ្លួនគ្មានចេតនា នឹងសម្លាប់ជនរងគ្រោះនោះទេ។ បន្ទាប់ពីបើកសវនាការរួចតុលាការបានប្រកាសថា នឹងប្រកាសសាលក្រម នៃសំណុំរឿងនេះ ទៅធ្វើនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤៕