ប្រេស៊ីល៖លោកស្រី Dilma Rousseff ត្រូវបានដកហូតតំណែងជាប្រធានាធិបតីរបស់ប្រទេសប្រេស៊ីលនៅក្នុងការបោះឆ្នោតចោទប្រកាន់មួយកាលពីថ្ងៃពុធហើយជំនួសដោយគូប្រជែងរបស់លោកស្រីគឺលោក Michel Temer ។
លោកស្រី Rousseff ដែលមានវ័យ៦៨ឆ្នាំត្រូវបានកាត់ទោសដោយសមាជិកព្រឹទ្ធសភាចំនួន៦១រូបក្នុងចំណោម៨១រូបពីការប្រើប្រាស់ថវិកាជាតិខុសច្បាប់។ការបោះឆ្នោតមួយនេះដែលលើស សំឡេងភាគច្រើនពីរភាគបីដែលត្រូវការជាចាំបាច់គឺមានន័យថាមេដឹកនាំឆ្វេងនិយមជើងចាស់រូបនេះត្រូវតែចុះចេញពីតំណែងភ្លាមៗ។
បីម៉ោងក្រោយមក លោក Temer បានស្បថចូលកាន់តំណែង។ អតីតអនុប្រធានាធិបតីនិងធ្លាប់ជាដៃគូរដ្ឋាភិបាលចម្រុះពេលមួយនេះ ត្រូវបានលោកស្រី Rousseff ចោទប្រកាន់ពីការរៀបចំធ្វើរដ្ឋប្រហារប្រឆាំងនឹងលោកស្រី។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយដែលផ្សាយតាមទូរទស្សន៍បន្ទាប់ពីនោះ លោក Temer បានសន្យាថានឹងចាប់ផ្តើម “យុគសម័យថ្មី” មួយនៅក្នុងប្រទេសរងគ្រោះដោយវិបត្តិមួយនេះ ខណៈដែលលោកនឹងត្រូវកាន់តំណែងជាប្រធានាធិបតីរហូតដល់អណត្តិដែលនៅសល់ត្រូវបញ្ចប់ក្នុងឆ្នាំ២០១៨។
មេធាវីរបស់លោកស្រី Rousseff គឺលោក Jose Eduardo Cardozo បាននិយាយថា លោកនឹងនាំយកមកនូវការប្រឈមផ្លូវច្បាប់ប្រឆាំងនឹងការចោទប្រកាន់នេះទៅតុលាការជាន់ខ្ពស់។
ជាមួយគ្នានោះ សមាជិកព្រឹទ្ធសភាលោក Romero Juca មកពីគណបក្ស PMDB របស់លោក Temer បាននិយាយថា លោកក៏រំពឹងផងដែរថានឹងមានបណ្តឹងឧទ្ធរណ៍ដើម្បីរារាំងលោកស្រី Rousseff ពីឆាកនយោបាយ។
ថ្លែងនៅឯវិមានប្រធានាធិបតី Alvorada នៅជាយក្រុង Brasilia លោក Rousseff នៃគណបក្សពលករបានថ្កោលទោសចំពោះការចាកចេញទាំងបង្ខំរបស់លោកស្រី។
លោកស្រីបាននិយាយថា “ពួកគេបានសម្រេចចិត្តផ្អាកអាណត្តិរបស់ប្រធានាធិបតីដែលមិនបានប្រព្រឹត្តបទល្មើស។ ពួកគេបានផ្តន្ទាទោសជនស្លូតត្រង់និងធ្វើរដ្ឋប្រហារសភា”។
គួរបញ្ជាក់ថា លោក Temer ដែលមានវ័យ៧៥ឆ្នាំនឹងសម្គាល់ថ្ងៃដំបូងរបស់លោកជាប្រធានាធិបតីនៅពេលដែលលោកធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូល G20 ក្នុងប្រទេសចិននៅល្ងាចថ្ងៃពុធ៕