ដោយ៖ប្រុញ វិធិន
ក្រចេះ៖ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនគ្រឿង ត្រូវបានកម្លាំងជំនាញ សហការជាមួយកម្លាំងប្រដាប់អាវុធ ចុះប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នេសាទនៅ ស្រុកឆ្លូង។
ដោយមាន ការណែនាំ និងចង្អុលបង្ហាញពីលោក ចាប សៀកហេង នាយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងលោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ លោក ម៉ុក ពន្លក នាយរងខណ្ឌ ជលផលក្រចេះ បានដឹកនាំកម្លាំងមន្ត្រីជលផលខេត្ត និងផ្នែករដ្ឋបាលជលផលព្រែក ប្រសព្វ ដោយមានកិច្ចសហការពីគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកឆ្លូង កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងអាជ្ញាធរឃុំ ព្រមទាំងសហគមន៍ នេសាទ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំនុចបឹងគ្រូឆៃអេង បឹងប្រា បឹងកូនសត្វ ស្ថិតក្នុងឃុំកញ្ជរ និងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត បានបញ្ជាក់អោយដឹងថា រដូវបិទនេសាទឆ្នាំនេះ បើទោះជាទឹកទន្លេមេគង្គឡើងយឺត មានកំពស់ទឹកទាបជាងបណ្តាលឆ្នាំមុនៗក្តី តែបច្ចុប្បន្នបឹងទាំងអស់ខាងលើមានកំពស់ទឹកមធ្យមអាចធ្វើឲ្យហ្វូងត្រីគ្រប់ប្រភេទចូលតាមព្រែកតូចៗមួយចំនួន មករស់នៅពងកូន ព្រមទាំងស្វែងរកចំណីនៅទីនោះយ៉ាងច្រើន ធ្វើអោយជនខិលខូចមួយចំនួនឆ្លៀតឱកាសប្រព្រឹត្តបទល្មើស នេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជា ស្បៃមុង សាច់អួនក្រលាញឹក និងឆក់ត្រីផងដែរដើម្បីយកមកចាប់ត្រីទាំងតូច ទាំងធំ បំផ្លិចបំផ្លាញធនធានជលផល នៅក្នុងតំបន់នេះ ។
នាយរងខណ្ឌ រូបនោះ បានបន្តថា ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរយៈពេលពេញមួយថ្ងៃម្សិលមិញនេះ គឺសមត្ថកិច្ចចម្រុះទទួលបានលទ្ធជាច្រើនមានដូចជា ចាប់រឹបអូស និងបំផ្លាញចោលរបាំងស្បៃមុង២៥ខ្សែ មានប្រវែងជិត៣ពាន់ម៉ែត្រ រឹបអូសលូស្បៃមុងចំនួន ២៤មាត់លូ និងលូធ្វើពីសាច់អួនក្រលាញឹកចំនួន ២គ្រឿង រុះរើនិងកាប់បំផ្លាញចោលបង្កោលចម្រឹងឬស្សី និងកូនឈើចំនួនជិត ៤០០ដើម ចាក់លែងត្រីចម្រុះទាំងតូច ទាំងធំចូលក្នុងបឹងធម្មជាតិ ប្រហែលជិត៣០០គក្រផងដែរ។
លោក បានអោយដឹងថា ការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ពិសេសឧបករណ៍នេសាទស្បៃមុងនេះ គឺវាបានបំផ្លិចបំផ្លាញធនធានជលផលយ៉ាងធ្ងន់ធ្ងរ ពិសេស នោះគឺបណ្តាលអោយប៉ះពាល់ហ្វូងត្រីទាំងធំ ទាំងតូចយ៉ាងខ្លាំងផងដែរ ។ ដូច្នេះទាមទារអោយមានកិច្ចសហការរវាងសមត្ថកិច្ចជំនាញ ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងសហគមន៍ នេសាទ និងប្រជាពលរដ្ឋ ផងនោះ ទើបការទប់ស្កាត់និងបង្ក្រាបបទល្មើសខាងលើ ទទួលបានជោជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។ ជាមួយនេះដែរគឺត្រូវធ្វើដូចភ្លៀងរលឹម មិនថាឡើយរដូវបិទនេសាទ ឬរដូវបើកនេសាទនោះឡើយ គឺធ្វើបែបនេះទើបរក្សាបានធនធានជលផលអោយមាន និរន្តរភាព ស្ថិតស្ថេរគង់វង្ស សម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
លោក បានអោយដឹងបន្ថែមទៀតថា ការធ្វើនេសាទដោយប្រើ ប្រើប្រាស់ឧបករណ៍ ល្មើសច្បាប់ដូចខាងលើ គឺវាធ្វើឲ្យមានការបំផ្លិចបំផ្លាញធនធានជលផលយ៉ាងធ្ងន់ធ្ងរ ពិសេស នោះគឺបណ្តាលអោយប៉ះពាល់ហ្វូងត្រីធំ តូច និងជីវចម្រុះជាច្រើនដែលរស់នៅល្នុងទឹកផងដែរ ។ ដូច្នេះដើម្បីថែរក្សា ការពារ និងអភិរក្សធនធានជលផលឲ្យគង់វង្ស គឺទាមទារអោយមាន កិច្ចសហការរវាងសមត្ថកិច្ចជំនាញ ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងសហគមន៍នេសាទ និងប្រជាពលរដ្ឋ ផងនោះ ទើបការទប់ស្កាត់និងបង្ក្រាបបទល្មើសខាងលើ ទទួលបានជោជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។ ជាមួយនេះដែរគឺត្រូវធ្វើដូចភ្លៀងរលឹម មិនថាឡើយរដូវបិទនេសាទ ឬរដូវបើកនេសាទនោះឡើយ គឺធ្វើបែបនេះទើបរក្សាបានធនធានជលផលអោយមាន និរន្តរភាព ស្ថិតស្ថេរគង់វង្ស សម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត ៕