ចិន​បង្ហាញ​ចេតនា​រក្សា​សន្តិភាព​ជាមួយ​វៀតណាម​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2016 ក+ ក-

​ប៉េកាំង​៖​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​ប្រាប់​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc ថា​ប្រទេស​ចិន​និង​វៀតណាម​គួរតែ​ធ្វើការ​រួមគ្នា​ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ជម្លោះ​។​
​ក្រសួងការបរទេស​ចិន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គា​រថា ក្នុងជំនួប​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ លោក Li បាន​ប្រា​ប់លោក Phuc ថា សមុទ្រ​ចិន​ខាងត្បូង​គឺ​ជាប់​ពាក់ព័ន្ធ​ទាំង​បញ្ហា​សិទ្ធិ​អធិបតេយ្យភាព​និង​ដែនសមុទ្រ​ព្រមទាំង​អារម្មណ៍​ជាតិ​ផងដែរ​។​
​លោក Li បាន​និយាយថា “​ប្រទេស​ចិន​និង​វៀតណាម​គួរ​ប្រឹងប្រែង​ធ្វើការ​រួមគ្នា គោរព​យ៉ាង​ប្រយ័ត្នប្រយែង​តាម​ការ​មូលមតិ​គ្នា​កម្រិត​ខ្ពស់ រក្សា​នូវ​ស្ថិរភាព​ដែនសមុទ្រ គ្រប់គ្រង​និង​ពិនិត្យ​ជម្លោះ លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​តាម​សមុទ្រ រួមគ្នា​រក្សា​សន្តិភាព​ក្នុង​តំបន់​ដែនសមុទ្រ និង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការអភិវឌ្ឍ​ដែលមាន​ស្ថិរភាព​នៃ​ចំណង​ទំនាក់ទំនង​ទ្វេភាគី​”​។​
​ក្រសួង​នេះ​បានលើកឡើង​ពី​សំដី​របស់លោក Phuc ដែល​បាន​និយាយថា បញ្ហា​ដែនសមុទ្រ​គួរតែ​ត្រូវបាន​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​របៀប​សន្តិវិធី​ឈរលើ​មូលដ្ឋាន​នៃ​សមភាព​និង​គោរព​គ្នា​ទៅវិញទៅមក​ហើយ​មិន​អនុញ្ញាត​ឲ្យ​បញ្ហា​ដែនសមុទ្រ​នេះ​ប៉ះពាល់​ដល់​ការ​វិវឌ្ឍន៍​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឡើយ​។​
​ប្រទេស​ចិន​បានទាមទារ​ស្ទើរតែ​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​កន្លែង​មាន​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​តម្លៃ​៥​ពាន់​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​។ ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន​កោះ​តៃវ៉ាន់​និង​វៀតណាម​ក៏បាន​ទាមទារ​សមុទ្រ​នេះ​ផងដែរ​ដែល​គេ​ជឿថា​ជា​ប្រភព​នៃ​ប្រេង​និង​ឧស្ម័ន​។​
​តុលាការ​អាជ្ញាកណ្តាល​នៅ​ទីក្រុង​ឡាអេ​កាលពី​ខែកក្កដា​បានសម្រេច​ថា ការទាមទារ​របស់​ប្រទេស​ចិន​ក្នុង​ផ្លូវទឹក​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ​បន្ទាប់ពី​ករណីនេះ​ត្រូវបាន​នាំយក​ទៅដោយ​ប្រទេស​ហ្វីលីពីន​។ ទោះជា​យ៉ាងណាក្តី​ក្រុង​ប៉េកាំង​បាន​បដិសេធ​ទទួលស្គាល់​សេចក្តីសម្រេច​នេះ​។​
​ប៉ុន្តែ​វៀតណាម​បាន​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​នេះ​ដោយ​និយាយថា ខ្លួន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​៕

6c0b840a2e38194199d101