ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជាបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ យកនូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីជៀសវាងបាននូវការគំរាមកំហែង ប្ដឹងផ្ដល់ និងរក្សាបាននូវព័ត៌មានសុក្រឹតដែលអាចជឿទុកចិត្តបាន ឬជាអាវក្រោះសម្រាប់អ្នកសារព័ត៌មានផ្ទាល់។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីវិជ្ជាជីវៈសារព័ត៌មាន និងសន្តិសុខអ្នកកាសែត នៅរាជធានីភ្នំពេញ នៅថ្ងៃទី ៥ ធ្នូ ដែលរៀបចំឡើងដោយការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាសហការជាមួយអង្គការយូណេស្កូ បានពិភាក្សាអំពីបញ្ហាប្រឈមរបស់អ្នកកាសែតនិងរិះរកវិធីការពារខ្លួន ដោយមានតំណាងក្លឹបអ្នកកាសែតកម្ពុជា អ្នកសារព័ត៌មានជាតិ អង្គការសង្គមស៊ីវិល លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងតំណាងអង្គការយូនីស្កូ (UNESCO) ប្រចាំកម្ពុជា ចូលរួមសរុបប្រមាណជាង ៥០នាក់។
គួរបញ្ជាក់ថា រយៈពេលមួយឆ្នាំចុងក្រោយគិតត្រឹមខែឧសភាឆ្នាំ ២០១៤ មានពាក្យបណ្តឹងប្រឆាំងអ្នកកាសែតចំនួន៧ ករណីគឺកើនលើសឆ្នាំមុន៣ករណី។ មានការចាប់ខ្លួនអ្នកកាសែត១២ករណីកើនលើសឆ្នាំមុន៥ករណី។ ហើយរយៈពេលចុងក្រោយនេះមានឃាតកម្មទៅលើអ្នកកាសែតចំនួន៣ករណីដែលធ្វើ ឲ្យតួលេខអ្នកកាសែតដែលត្រូវបានគេសម្លាប់កើនដល់ ១៣ នាក់គិតចាប់តាំងពីឆ្នាំ ១៩៩២ មក។ នេះបើយោងតាមរបាយការណ៍ដែលកត់ត្រាដោយអង្គការការពារសិទ្ធិមនុស្ស។
ក្រៅពីនោះក៏មានការរើសអើងអ្នកកាសែតពីសំណាក់អ្នកគាំទ្របក្សនយោបាយ ផងដែរ។ អ្នកកាសែតក៏ត្រូវប្រឈមបញ្ហាជាច្រើនទៀតក្នុងអាជីពរបស់ខ្លួនដូចជា ប្រាក់ខែតិចតួច គ្មានសហជីពការពារ ហើយអ្នកកាសែតមួយចំនួននៅមិនទាន់គោរពវិជ្ជាជីវៈបានត្រឹមត្រូវនៅឡើយ។ ម្យ៉ាងទៀត សមាគមអ្នកកាសែតមានច្រើនពេកគឺរហូតដល់ជាង ៣០ ដែលធ្វើឲ្យអ្នកកាសែតបែកបាក់គ្នាមិនសូវមានទម្ងន់ទៅលើអាជ្ញាធរ។
ជាដំណោះស្រាយ ក្រុមអ្នកកាសែតបានយល់ស្របគ្នាថា ដើម្បីការពារសុវត្ថិភាពក៏ដូចជាដើម្បីលើកស្ទួយកិត្យានុភាពរបស់ អ្នកកាសែតដែរ គឺអ្នកកាសែតខ្លួនឯងត្រូវផ្តើមពីការគោរពវិជ្ជាជីវៈឲ្យបាន ត្រឹមត្រូវ។ រីឯម្ចាស់សារព័ត៌មានទាំងឡាយត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលនិង ដំឡើងប្រាក់ខែដល់អ្នកកាសែតដើម្បីឲ្យពួកគេអាចបំពេញការងារបានពេញ លេញនិងចៀសផុតពីការប្រើប្រាស់អាជីពដើម្បីផលប្រយោជន៍។ ការផ្តួចផ្តើមគំនិតអំពីសហជីពការពារអ្នកកាសែតក៏ត្រូវបានលើកឡើង ផងដែរ។
អ្នកចូលរួមក៏បានជំរុញឲ្យរដ្ឋាភិបាលធានាសុវត្ថិភាពអ្នកកាសែត និងឲ្យអាជ្ញាធរបញ្ឈប់ការរើសអើងនិងការប្រើអំពើហិង្សាគ្រប់រូបភាពទៅលើអ្នកកាសែត។ លោកស្រី វ៉ាន់ ហ៊ីលី អះអាងថា ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា រួមជាមួយអង្គការយូណេស្កូត្រៀមខ្លួនជាស្រេចក្នុងការជួយអ្នកកាសែតកម្ពុជាតាមរយៈការបង្កើតយន្តការនានាដែលពួកគេចង់បានសំដៅពង្រឹងវិជ្ជាជីវៈរបស់ខ្លួន៕ម គ
អ្នកកាសែតចូលរួមយកព័ត៌មាននៅថ្ងៃប្រកាសសាលក្រមសំណុំ រឿង ០០២ វគ្គ ១