ដោយ៖ឡុង សារេត
ខេត្តរតនគិរី៖លោកឧកញ៉ា សុខ គឹមសាន្ត រងការចោទពីប្រជាពលរដ្ឋស្រុកអូយ៉ាដាវថា បើសង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងដូចជាល្បែង យូគី បញ្ជល់មាន់ អាពោង ល្បែងបៀគ្រប់ប្រភេទវៀតណាមខ្មែរ និងទូហ្គេមបាញ់ត្រីនិងមានល្បែងជាច្រើនមុខទៀតផងដែរ ដែលមានទីតាំងស្ថិតនៅចំណុចព្រុំដែនអូយ៉ាដាវ (លេថាញ់) ភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិ-ឃុំ ខាងលើបានបញ្ចាក់ថា ទីតាំងដែលលោកឧកញ៉ា សុខ គឹមសាន្ត បើកល្បែងស៊ីសងខាងលើនោះ គឺលោកឧកញ៉ាជួលដី និងកន្លែងទីតាំងរបស់លោកឧកញ៉ា ទ្រី ភាព ដោយមានល័ក្ខខ័ណ្ឌកុងត្រាកំណត់ឆ្នាំ ហើយទីតាំងល្បែងទាំងនោះមិនមានច្បាប់ត្រឹមត្រូវនោះទេ គឺលោកឧកញ៉ាខាងលើ បានលួចផ្សំបន្លំថែមដើម្បីបិទបាំងច្បាប់កន្លែងបើកល្បែងដោយជ្រក់ក្រោមស្លាក(ក្រុមហ៊ុនកាស៊ីណូមិត្តភាព) របស់លោកឧកញ៉ា ទ្រី ភាពខាងលើនោះ។ ប្រភពបន្តថា ល្បែងស៊ីសងខាងលើ ដោយមានប្រជាពលរដ្ឋខ្មែរ ពិសេសគឺពលរដ្ឋរស់នៅខេត្តរតនគិរី បាននាំគ្នាញៀនល្បែងខាងលើនោះម្នាក់ៗ បានចាញ់លុយនៅវង់ល្បែងខាងលើអស់រាប់ពាន់រាប់ម៉ឺនដុល្លារ ក្រោយពេលចាញ់
អស់លុយ ឈានដល់មានកើតអំពើហិង្សាក្នុងគ្រួសារផងដែ។
សូមបញ្ជាក់ថា ការភ្នាល់ល្បែងបញ្ជល់មាន់ខាងលើនោះជល់ក្នុងមួយគូមិនក្រោមពី៨០០០ដុល្លារ ទៅជាង១០០០០ដុល្លារឯណ្ណោះ។
លោក ម៉ា វិចិត្រ អភិបាលស្រុកអូយ៉ាដាវបានមានប្រសាសន៍ថា ទីតាំងបញ្ជល់មាន់ និងល្បែងហ្គាមរបស់លោកឧកញ៉ា សុខ គឹមសាន្ត ខាងលើនោះគេបានជូនដំណឹងមកលោកដែរ តែអ្នកដែលចាត់ចែងការងារល្បែងស៊ីសងខាងលើនេះ គឺលោកប្រធានមន្ទីរហេរិញវត្ថុខេត្តធ្លាប់បានទៅយកពន្ធនៅទីនោះ។ ចំណែក លោក ម៉ៅ សាន់ អធិការដ្ឋាននគរបាលស្រុកអូយ៉ាដាវបានបញ្ជាក់ថា ល្បែងស៊ីសង
នៅចំណុចខាងលើនោះលោកបានបិទអស់ហើយ លោកសួរថានៅកន្លែងណាទៀត ដែលកើតមានល្បែងស៊ីសងទាំងនោះ ព្រោះទីតាំងល្បែងស៊ីសងខាងលើ លោកឧកញ៉ា សុខ គឹមសាន្ត មិនបានរាយការណ៍មកលោកនោះទេ។
លោក ឧកញ៉ា សុខ គឹមសាន្ត ជុំវិញបញ្ហាការចោទប្រកាន់ពីក្រុមប្រជាពលរដ្ឋខាងលើ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ មិនអាចសុំការបំភ្លឺបានទេ ព្រោះមិនអាចសុំការទំនាក់ទំនងបាន៕