ហ្សាការតា៖យ៉ាងហោចណាស់មនុស្សចំនួន១០នាក់បានស្លាប់បាត់បងជីវិត និង៣០នាក់ផ្សេងទៀតរងបរួស ខណៈ៣នាក់បាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដីវាយបប្រហារភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមសារព័ត៌មានស៊ិនហួរចេញផ្សាយនាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយធម្មជាតិលោក Sutopo Purwo Nugroho បានឲ្យដឹងថា ខេត្ត West Java ដែលនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានរងការវាយប្រហារដោយ គ្រោះទឹកជំនន់ និងការរអិលបាក់ដី តាំងពីយប់ថ្ងៃអង្គារម្សិលមិញ រហូតមកទល់នឹងព្រឹកថ្ងៃពុធនេះ ដោយបានបន្សល់ទុក មនុស្សស្លាប់ចំនួន១០នាក់ រងរបួស៣០នាក់ និងបីនាក់ផ្សេងទៀតបានបាត់ខ្លួន ខណៈជាច្រើននាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព។
លោកបញ្ជាក់ថា គ្រោះទឹកជំនន់កើតឡើងនៅម៉ោងប្រហែល ១ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ (ម៉ោងក្នុងទីក្រុងហ្សាការតា) នៅតាមទីតាំងមួយចំនួនក្នុងសង្កាត់ Garut បន្ទាប់ពីទន្លេចំនួនពីរ នៅក្បែរនោះត្រូវបានជន់លិចដោយសារទឹកភ្លៀង ហើយមនុស្សចំនួន០៨នាក់បានបាត់បង់ជីវិត រួមជាមួយនឹងជនរងគ្រោះ៣០នាក់ទៀត បានទទួលរងរបួស និង ម្នាក់ទៀតបានបាត់ខ្លួនទៅតាមទឹកហូរ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី តែងទទួលរងការវាយប្រហារដោយ គ្រោះទឹកជំនន់និងការរអិលបាក់ដី ធ្ងន់ធ្ងរនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង៕