កូរ៉េខាងជើង៖ការ​បន្ត​នុយក្លេអ៊ែរជាវិធីសម្រាប់ការពារខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2016 ក+ ក-

​កូរ៉េខាងជើង​៖​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សុក្រ​បាន​ប្រាប់​អង្គការសហប្រជាជាតិ​ថា “​ការបន្ត​នុយក្លេអ៊ែរ​” គឺជា​វិធី​តែមួយគត់​របស់​ប្រទេស​របស់លោក​ដើម្បី​ការពារ​ខ្លួន​ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ជំរុញ​កម្លាំងយោធា​នុយក្លេអ៊ែរ​របស់ខ្លួន​បន្ថែ​ម​ទៀត​។​
​ថ្លែង​ទៅកាន់​មហាសន្និបាត លោក រី យ៉ុង​ហូ បាន​និយាយថា ប្រទេស​របស់លោក​នឹង​បន្ត​ចាត់វិធានការ​ដើម្បី​ពង្រឹងកម្លាំង​ប្រដាប់អាវុធ​នុយក្លេអ៊ែរ​ជាតិ​របស់ខ្លួន​ទាំង​បរិមាណ​និង​គុណភាព​។​
​លោក​បាន​និយាយ​បែបនេះ​គឺ​ត្រឹមតែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​កូរ៉េខាងជើង​ធ្វើតេស្ត​នុយក្លេអ៊ែរ​លើក​ទី​ប្រាំ​និង​មាន​អានុភាព​បំផុត​ដែល​បង្ក​ឲ្យ​មានការ​ថ្កោលទោស​នៅ​ទូទាំង​ពិភពលោក​និង​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រូវ​ចាប់ផ្តើម​ការងារ​លើ​សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម​ថ្មី​។​
​លោក រី ដែល​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​ចាប់តាំងពី​ខែឧសភា​មក​បាន​ប្រាប់​ក្រុម​មេដឹកនាំ​ពិភពលោក​ដែល​កំពុង​ជួបជុំគ្នា​ថា “​ការបន្ត​ប្រដាប់អាវុធ​នុយក្លេអ៊ែរ​គឺជា​គោលនយោបាយ​នៃ​រដ្ឋ​របស់​យើង​។​”
​គួរ​បញ្ជាក់ថា កូរ៉េខាងជើង​បានធ្វើកា​រសាក​ល្បង​នុយក្លេអ៊ែរ​ចំនួន​ពីរលើក និង​បាញ់​សាកល្បង​មី​ស៊ី​ល​ជាង​២០​គ្រាប់​នៅ​ឆ្នាំនេះ​។ បន្ទាប់ពី​ការ​បំផ្ទុះ​ចុងក្រោយ​បំផុត​នៅ​ថ្ងៃទី​៩​ខែកញ្ញា ក្រុង​ព្យុងយ៉ាង​បាន​អះអាងថា ខ្លួន​មាន​សមត្ថភាព​ដើម្បី​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​មី​ស៊ី​ល​៕

maxresdefault2