ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅម៉ោង៣៖៤៥នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤នេះ បានបញ្ជាក់ថា សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបានលោក ថោង សារ៉ាត់ ដែលជាមេខ្លោងឃាតកសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅឡើយទេ។ប៉ុន្តែបានកំណត់គោលដៅ ពីការលាក់ខ្លួន និងអាចចាប់បានឆាប់ៗនេះ។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះ បន្ចាប់ពីមានការផ្សព្វផ្សាយព័ត៌មាន នឹងពាក្យចចាមអារ៉ាមមួយចំនួន ដែលលើកឡើងថា លោក ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩ និងថៅកែសាច់ប៉ាតេមានជ័យ៩៩៩ ដែលជាមេខ្លោង នៃអំពើឃាតកម្ម បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប្រទេសវៀតណាម ហើយគ្រោងរៀបចំបញ្ជូនមកប្រទេសកម្ពុជា។
លោកបន្តថា «សមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេ ហើយថា ឆាប់ៗនេះយើងនឹងអាច ចាប់ជនសង្ស័យបាន ព្រោះយើងបានកំណត់គោលដៅដែលជនសង្ស័យលាក់ខ្លួន»៕