UN ដាក់សម្ពាធរុស្ស៊ី​ចំពោះ​ការវាយប្រហារ​តាម​អាកាស​នៅ​ក្រុង​អា​ឡេ​ប៉ូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2016 ក+ ក-

ក្រុង​អា​ឡេ​ប៉ូ​៖​ចក្រភព​អង់គ្លេស បារាំង និង​សហរដ្ឋអាមេរិក​បា​នប​ន្ទោ​ស​ដាក់​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​ចំពោះ​ការសម្លាប់​រង្គាល​នៅ​ស៊ី​រី​កាន់តែ​អាក្រក់ ខណៈ​យន្តហោះ​ចម្បាំង​ស៊ី​រី និង​រុស្ស៊ី​បាន​វាយប្រហារ​ទីក្រុង​អា​ឡេ​ប៉ូ​នៅ​ក្នុងការ​វាយឆ្មក់​ទម្លាក់​គ្រាប់បែក​ធ្ងន់ធ្ងរ​បំផុត​មួយ​នៃ​សង្គ្រាម​ប្រាំ​ឆ្នាំ​មួយ​នេះ​។​
​ឯកអគ្គរដ្ឋទូត​អាមេរិក​លោកស្រី Samantha Power បាន​ចោទប្រកាន់​រុស្ស៊ី​ចំពោះ “​ភាពព្រៃផ្សៃ​” ក្នុងអំឡុងពេល​កិច្ចប្រជុំ​បន្ទាន់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ទប់ស្កាត់​សម្ព័ន្ធមិត្ត​របស់ខ្លួន​គឺ​លោក​ប្រធានាធិបតី​ស៊ី​រី Bashar Al-Assad និង​បញ្ឈប់​ការវាយប្រហារ​អាកាស​ដែល​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​។​
​លោកស្រី Power បាន​និយាយថា “​ជំនួស​ឲ្យ​ការស្វែងរក​សន្តិភាព រុស្ស៊ី​និង​លោក Assad បាន បង្កើត​សង្គ្រាម​។ អ្វីដែល​ប្រទេស​រុស្ស៊ី​កំពុង​គាំទ្រ​និង​ធ្វើ​គឺ​មិនមែនជា​ការប្រឆាំង​ភេរវកម្ម​ទេ​។ វា​ជា​អំពើ​ព្រៃផ្សៃ​”​។​
​ក្រុម​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់​១២៤​នាក់ ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​ត្រូវបាន​សម្លាប់​ក្នុងការ​ទម្លាក់​គ្រាប់បែក​លើ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​ដែលជា​កន្លែង​ពួក​ឧទ្ទាម​កាន់កាប់​ចាប់តាំងពី​កងទ័ព​ប្រកាស​ពី​ប្រតិបត្តិការ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចាប់យក​តំបន់​នេះ​មកវិញ​។​
​ប្រទេស​អង់គ្លេស បារាំង​និង​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចពិភាក្សា​ជាបន្ទាន់​បន្ទាប់ពី​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ដើម្បី​ស្តារឡើងវិញ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​អាមេរិក​-​រុស្ស៊ី បាន​បរាជ័យ​កាលពី​ចុង​សប្តាហ៍​។​
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Ban Ki-moon បាន​ព្រមាន​ថា ការកើនឡើង​នៃ​ការប្រើប្រាស់​អាវុធ​កម្រិត​ខ្ពស់​ប្រឆាំងនឹង​ជន​ស៊ីវិល​អាច​បង្ក​ទៅជា​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​។ ទន្ទឹម​នោះ​លោក​បាន​អំពាវនាវ​ឲ្យ​មហាអំណាច​ពិភពលោក​ត្រូវ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​បញ្ចប់​សុ​បិ​ន្ត​អាក្រក់​នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៣០០,០០០​នាក់​ស្លាប់ និង​ជំរុញ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ទៀត​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​៕

2292824