អេត្យូពី៖យ៉ាងហោចណាស់មនុស្ស៥២នាក់បានស្លាប់កាលពីថ្ងៃអាទិត្យនៅឯពិធីបុណ្យសាសនាមួយក្នុងប្រទេសអេត្យូពីបន្ទាប់ពីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមអ្នកតវ៉ាដែលបង្កការរត់ជាន់គ្នា។នេះជាពិធីបុណ្យមួយដើម្បីអបអរចុងបញ្ចប់នៃរដូវវស្សា។
រដ្ឋាភិបាលក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អំពើហិង្សាបានផ្ទុះឡើងនៅឯការជួបជុំមួយក្នុងទីក្រុង Bishoftu ជិតរដ្ឋធានី Addis Ababa ដោយសារតែទង្វើរបស់ “កងកម្លាំងគ្មានការទទួលខុសត្រូវ”។ រដ្ឋាភិបាលបានបន្ថែមថា “ជាលទ្ធផល មនុស្ស៥២នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នានេះ”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឆាំងបាននិយាយថា ពួកគេជឿថាមានមនុស្សជាង១០០ នាក់បានស្លាប់នៅក្នុងភាពវឹកវរនេះបន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅបឹងពិសិដ្ឋសម្រាប់ពិធីអរព្រះគុណមួយដែលសហគមន៍ Oromo សម្គាល់ជាចុងបញ្ចប់នៃរដូវវស្សា។
ប្រទេសអេត្យូពីកំពុងប្រឈមមុខនឹងភាពចលាចលប្រឆាំងរដ្ឋាភិបាលធំបំផុតរបស់ខ្លួននៅក្នុងរយៈពេលមួយទសវត្សរ៍មកនេះហើយអ្នកចូលរួមក្នុងពិធីបុណ្យមួយចំនួនបានលើកដៃរបស់ខ្លួនដាក់លើក្បាលដែលជាកាយវិការសម្គាល់ជាការតវ៉ាប្រឆាំងរបស់សហគមន៍ Oromo ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា “ពិធីបុណ្យ Irreecha ប្រចាំឆ្នាំត្រូវបានបង្អាក់ដោយសារតែអំពើហិង្សាមួយដែលបានបង្កើតឡើងដោយក្រុមមួយចំនួន។ ការបាត់បង់ជីវិតបានកើតឡើងដោយសារការរត់ជាន់គ្នា”៕