ភ្នំពេញ៖ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាជ្រាវផ្ទៀងផ្ទាត់ថាតើ សំឡេង ដែលនិយាយស្នើសុំសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រូវគេបង្ហោះតាមហ្វេសប៊ុក ជាសំឡេងរបស់ ថោង សារ៉ាត់ ឬជារបស់់ អ្នកណា ? នេះបើតាមអ្នកនាំពាក្យនគរបាលជាតិ លោក គៀត ចន្ទថារិទ្ធ អះអាងនៅព្រឹកថ្ងៃអង្ការ៏នេះ។
លោកឧត្តមសេនីយ៍ឯក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យស្ថាប័ននគរបាលជាតិបានថ្លែងបែបនេះ បន្ចាប់ពីមានសំឡេងបុរសម្នាក់ដែលអះអាងខ្លួនថាជាឧកញ៉ា ថោង សារ៉ាត់ ត្រូវបានបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួននផ្សព្វផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ម្សិលមិញ។
លោក គៀត ចន្ទថារិទ្ធ បានគួសបព្ជាក់នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ ថា ខាងនាយកដ្ឋានជំនាញ កំពុងធ្វើការស្រាវជ្រាវសំឡេង ដែលអះអាងថា ជាឧកញ៉ា ថោង សារ៉ាត់ ហើយលោក ក៏មិនអាចអះអាងថា ពិតជាសំឡេងរបស់លោក ថោង សារ៉ាត់ ឬយ៉ាងណាដែរ ពីព្រោះលោកមិនធ្លាប់បានជួបជាមួយនឹង ថោង សារ៉ាត់ ទេ។
នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤កន្លងមកនេះ មានបុរសម្នាក់អះអាងថាខ្ឡួនជាលោក ថោង សារ៉ាត់ បាននិយាយតាមរយៈខ្សែអាត់សំឡេង រយៈពេល ៦ នាទី និង ៥៨ វិនាទី ត្រូវបានគេផ្សព្វផ្សាយតាមហ្វេសប៊ុក ។
ទោះជាយ៉ាងនេះក្តី ក៏លោកបញ្ជាក់ថា កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់ គ្រប់ទីកន្លែង មិនថានៅប្រទេសវៀតណាម ឬនៅកន្លែងណាទេ ដើម្បីយកគាត់មកបំភ្លឺករណីបាញ់ សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។ លោកឧកញ៉ា ថោង សារ៉ាត់ ក្នុងសំដីថ្លែងពីកន្លែងលាក់ខ្លួន បាននិយាយ ថា គាត់កំពុងស្ថិតក្នុងភាពនីរទេស ប៉ុន្តែមិនបញ្ជាក់ថាគាត់ស្ថិតនៅក្នុងប្រទេសណាមួយនោះទេ។
ក្នុងខ្សែអាត់សំឡេងលោកឧកញ៉ា ថោង សារ៉ាត់ នោះ បានយំស្រែកស្នើសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺម្ចាស់ក្រុមហ៊ុនបុរី ៩៩៩ លោកថោង សារ៉ាត់ បានអះអាងថា ពេលនេះ លោកកំពុងតែស្ថិតនៅនិទ្ទេសខ្លួន គេចពីការតាមចាប់ខ្លួន ហើយលុយនៅធនាគារ មិនត្រូវបានក្រុមគ្រួសារ ដកបានទេ។ ក្នុងនោះ អំឡុងពេលចាប់ខ្លួន អង្គរក្ស ឪពុកម្តាយ ប្រពន្ធ និងប្អូនប្រុសរបស់លោក ក្នុងពេលប៉ុន្មានថ្ងៃនេះ គឺត្រូវការលុយរាប់សិបម៉ឺនដុល្លារអាមេរិក ដើម្បីរត់ការដោះលែងដោយសារគេទារលុយច្រើនណាស់។
ក្នុងខ្សែអាត់សំឡេងដដែលនេះបានបដិសេធ ច្រានចោលនូវការចោទប្រកាន់លើអង្គរក្សរបស់លោក ព្រមទាំងរូបលោក ក្នុងករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ហើយបានចាត់ទុកថាជាការមួលបង្កាច់លើក្រុមគ្រួសាររបស់លោក។
គួររំលឹកថា ខ្សែអាត់សំឡេងនេះ បានធ្វើឡើងបន្ទាប់ពីចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អង្គរក្ស ៤នាក់ របស់លោក ថោង សារ៉ាត់ ថាជាឃាតក និងជាអ្នកសមគំនិត ក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា នៅមុខហាងលក់ផ្លែឈើ ជិតស្តាតអូឡាំពិក នៅក្នុងខណ្ឌចំការមន។ អ្នកទាំងនោះ ត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៥ ខែធ្នូ។ដោយឡែកប្អូនប្រុសលោកឧកញ៉ា ថោង សារ៉ាត់ និងភរិយាទី២របស់លោក ត្រូវបានចៅក្រមដោះលែងមកវិញ។
ចំណែកលោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានសមត្ថកិច្ចនគរបាលអះអាងថា ជាមេក្លោង ហើយត្រូវបានតុលាការចោទប្រកាន់ពីបទ”ផ្តើម គំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០ និង មាត្រា ២៧នៃក្រមព្រហ្មទណ្ឌ៕