ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌ មានបានស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយ ជួយពិនិត្យពិចារណា អំពីវិធានការគាំពារតាមផ្លូវច្បាប់ ប្រកបដោយប្រសិទ្ធភាព សម្រាប់អ្នកសារព័ត៌មាន ក្នុងការចូលរួមចំណែក ដោយសុវត្ថិភាព ក្នុងបេសកកម្ម ដ៏លំបាកស្មុគ្រស្មាញ សំដៅសាងសង្គមកម្ពុជាមួយ មានការអភិវឌ្ឍ ក្រោមអភិបាលកិច្ចល្អ និងនីតិរដ្ឋ ប្រកបដោយយុត្តិធម៌ សមធម៌ និងចីរភាព។
ទាក់ទងនឹងកាស្នើនេះ កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកម្មវិធី អបអរសាទរ ទិវាជាតិ និងអន្តរជាតិ ៩ ធ្នូ ប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ក្រោមមូលបទ “តួនាទីដ៏វិសេសវិសាល នៃអ្នកសារព័ត៌មាន ក្នុងការប្រឆាំងអំពើពុករលួយ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នា ចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ។ សារព័ត៌មាន មានសិទ្ធិទទួលបានព័ត៌មាន ដែលស្ថិតក្នុងការគ្រប់គ្រង របស់រដ្ឋាភិបាល លើកលែងតែព័ត៌មានណា ដែលបណ្តាលឲ្យអន្តរាយដល់សន្តិសុខជាតិ និងទំនាក់ទំនង ជាមួយប្រទេសដទៃ និងមានការបំពាន លើសិទ្ធិរបស់បុគ្គលម្នាក់ៗ។
លោកបានបន្តថា ដើម្បីពង្រឹងអភិបាលកិច្ចល្អ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តអនុវត្ត ដោយដាច់ខាតនូវ រាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ ដែលមានរួមមាន ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាដើម។ ក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមគាំទ្រទាំងស្រុង ចំពោះគោល ការណ៍ និងវិធានការស្នូល របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយ ដោយស្នើសុំអង្គភាពប្រឆាំង អំពើពុករលួយ ជួយពិនិត្យពិចារណា អំពីវិធានការគាំពារ តាមផ្លូវច្បាប់ ប្រកបដោយប្រសិទ្ធភាព សម្រាប់អ្នកសារព័ត៌មាន ក្នុងការចូលរួមចំំណែក ដោយសុវត្ថិភាព ក្នុងបេសកកម្ម ដ៏លំបាកស្មុគ្រស្មាញនេះ សំដៅសាងសង្គមកម្ពុជា មួយមានការអភិវឌ្ឍ ក្រោមអភិបាលកិច្ចល្អ និងនីតិរដ្ឋ ប្រកបដោយយុត្តិធម៌ សមធម៌ និងចីរភាព។
លោកបានបញ្ជាក់ថាៈ “សារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំង នូវគ្រប់ទិដ្ឋភាពជាក់ស្តែង នៃជីវិតសង្គម រួមទាំងរបបគ្រប់គ្រងរដ្ឋ នៅក្នុងប្រទេសនីមួយៗ ជាសង្គមឱនថយ ឬរីក ចម្រើនរុងរឿង ជឿនលឿន និងប្រយុទ្ធប្រឆាំង អំពើពុករលួយ”។
ចំណែក លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ បានមានប្រសាសន៍ថា អ្វីៗផ្សេងទៀត ក៏អាចបានជោគជ័យដែរ ប្រសិនបើយើងរួមគ្នា សាមគ្គីគ្នា ពិតប្រាកដ ក្នុងការពង្រឹង ទប់ស្កាត់ លុបបំបាត់ អំពើពុករលួយ។ លទ្ធផលការប្រឆាំង អំពើពុករលួយ កន្លងមក ក៏ដូចជា ការងារដ៏ច្រើន ទៅមុខទៀត ពិតជាមិនអាចកាត់ផ្តាច់បាន ពីការចូលរួមចំណែក ការគាំទ្រដោយផ្ទាល់ និងដោយប្រយោល ពីសំណាក់ដៃគូ និងតួអង្គដ៏សំខាន់ មិនអាចខ្វះបានមួយទៀត គឺវិស័យសារព័ត៌មាន។ វិស័យសារព័ត៌មាន កាន់តែដើរតួសំខាន់ ជាកញ្ចក់មួយសម្រាប់ ឆ្លុះបញ្ចាំងពីតថភាពសង្គម ជាអ្នកអប់រំសង្គម ជាអ្នកផ្សព្វផ្សាយ ផ្តល់ព័ត៌មាន ដល់សង្គម និងជាអ្នកយល់ ដឹងគ្រប់វិស័យ រួមទាំងការចូលរួម និងជំរុញដល់សាធារណជនទូទៅ ឲ្យប្រកាន់យកនូវទំលាប់ល្អ គោរពច្បាប់ គោរពខ្លួនឯង និងគោរពអ្នកដទៃ ក៏ដូចជាគោរពនូវភាពស្អាតស្អំ សុច្ចរិត ទៀងត្រង់ និងត្រឹមត្រូវ។
លោកបានបន្តថាៈ “នៅឆ្នាំ២០១៥ ខាងមុខនេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបោសសំអាតមន្ត្រីខ្មោចនៅតាមក្រសួងស្ថាប័នរដ្ឋ សំដៅកាត់បន្ថយភាពអសកម្ម នៃការគ្រប់គ្រងមន្ត្រីរាជការ និងបង្កើនសមត្ថភាពការងារ”។
លោកបានថ្លែងថាៈ “អ្នកសារព័ត៌មាន បានប្រយុទ្ធប្រឆាំងអំពើពុករលួយ តាំងពីអង្គភាពប្រឆាំង អំពើពុករលួយ មិនទាន់បានបង្កើតមកម្ល៉េះ។ “អ្នកសារព័ត៌មាន បានបញ្ចេញអត្ថបទរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយ យ៉ាងសកម្ម ក៏ដូចពេលខាងមុខ និងពេលបច្ចុប្បន្ននេះ។ យើងជឿជាក់លើអ្នកសារព័ត៌មាន យើងសង្ឃឹម ថា សង្គមយើង នឹងមានរស្មីរុងរឿងថែមទៀត ប្រសិនបើកិច្ចសហប្រតិបត្តិការ របស់យើងម្នាក់ៗ ជាមួយអ្នកសារព័ត៌មាន បានយ៉ាងជិតស្និទ្ធ”៕CEN