តុលាការ​តម្រូវ​ឲ្យ​ម្តាយ​តារា​សម្តែង កែវ នីសា តម្កល់​ប្រាក់​ ៦​ម៉ឺន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2014 ក+ ក-

​ភ្នំពេញ​៖ តុលាការ​សម្រេច​មិន​ឃុំខ្លួន​កូនក្តី​អ្នកស្រី វ័ន សាវង្ស អាយុ​៦១​ឆ្នាំ ដោយ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​ចំនួន​៦ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​១​ខែ ជា​ថ្នូរ​នៃ​ការមិន​ឃុំខ្លួន ខណៈ​តុលា​ការបន្ត​បើក​ការស៊ើបអង្កេត ។​នេះ​បើ​លោក អ៊ូ វុ​ធ មេធាវី​ការពារ​ក្តី​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៣ ខែធ្នូ​នេះ ។​

គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ កន្លងមកនេះ ស្ត្រី​ម្នាក់​ដែល​អះអាងថា ជា​ម្តាយបង្កើត​តារា​សម្តែង​ពានរង្វាន់​ទេវតា​ប្រចាំ​ស្ថានីយទូរទស្សន៍ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ឆបោក​។​
​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា អ្នកស្រី វ័ន សាវង្ស អាយុ​៦១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១០៩ ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ភោជនីយដ្ឋាន​ផ្កាឈូក​ថ្មី ស្ថិត​នៅមុខ​មន្ទីរពេទ្យ​កាល់ម៉ែត តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ ការឃាត់ខ្លួន​ស្ត្រី​រូបនោះ គឺ​អនុវត្តតាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំ​ព​ញ អ្នកស្រី វ័ន សាវង្ស ត្រូវបាន​លោក អ៊ុំ សុភ​ក្តិ លេខ​២៤៦ អ​.​យ​.​ឍ ចុះ​ថ្ងៃទី​៣ ខែធ្នូ លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ពាក់ព័ន្ធ​ពីបទ​ឆបោក ដែល​សំណុំរឿង​នោះ​ត្រូវ​អះអាងថា អ្នកស្រី​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១១​។​

​កាលពី​កន្លងទៅ​អ្នកស្រី​មាន​ដី មួយកន្លែង​នៅក្បែរ​ព្រលានយន្ត ហោះ​អន្តរជាតិ​ភ្នំពេញ​។ ការនាំ​ខ្លួន អ្នកស្រី​ទៅកាន់​តុលាការ​នេះ ទំនងជា​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នោះ​។​

​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី វ័ន សាវង្ស បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នកស្រី​ជា​ម្តាយបង្កើត​របស់ កែវ នីសា ប៉ុន្តែ​ពេលនេះ កូន​អ្នកស្រី​មិន​នៅ​ស្រុក​ខ្មែរ​ទេ គេ​ទៅ​ប្រទេស​ថៃ ២-៣​ថ្ងៃ​ហើយ ដូច្នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកស្រី​នេះ កូនស្រី​គាត់​មិនបាន​ដឹង​ឡើយ​។

អ្នកស្រីបន្តថា ប្តី​របស់​អ្នកស្រី គឺជា​មន្ត្រី​មួយរូប ប៉ុន្តែ​ប្តី​នេះ​មិន មែន​ឪពុក​បង្កើត​របស់ កែវ នីសា ទេ ឪពុក​គេ​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ច្រើន​ឆ្នាំ​ហើយដោយ​ជំងឺ​។ អ្នកស្រី​មិនបាន​ប្រាប់​ពី​ឈ្មោះ​ប្តី ឬ​ឪពុក កែវ នីសា ទេ ប៉ុន្តែ​បង្ហើប​ថា គាត់​ជា​អ្នកតស៊ូ​ចេញ​រំដោះជាតិ​ក្នុង​ឆ្នាំ​១៩៧៨ ប៉ុន្តែ​អកុសល​គាត់​មាន​ជំងឺ​ស្លាប់ទៅ​៕

Untitled-1