ប៉ូលិស​អាំងទែ​ប៉ូល​សហការ​តាម​ចាប់​ឧកញ៉ា ថោង សារ៉ាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2014 ក+ ក-

​ភ្នំពេញ​៖ យោងតាម RFA បាន​ឲ្យ​ដឹងថា ប៉ូលិស​កម្ពុជា​កំពុង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ ដែល​គេ​ស្គាល់​ថា ប៉ូលិស​អាំងទែ​ប៉ូល (Police Interpole) ដើម្បី​តាម​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់​។​វិធានការ​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​អះអាងថា បាន​តម្រុយ​ពី​ទីកន្លែង​លាក់ខ្លួន​របស់លោក​ឧក​ញ៉ា​ម្ចាស់​ក្រុមហ៊ុន​សំណង់ ៩៩៩ ដែល​កំពុង​រត់គេចខ្លួន​ពី​ការ​តាម​ចាប់​ក្នុង​សំណុំរឿង​បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េង​ជឺ​។​

នេះ​ជា​ជំហាន​ថ្មី​មួយទៀត​របស់​ប៉ូលិស​កម្ពុជា ក្នុង​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ដើម្បី​បញ្ជូន​ខ្លួន​មក​តុលាការ​។ ការ​បង្ហើប​ឲ្យ​ដឹង​ដូចនេះ បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ចម្រុះ​ចុះទៅ​ឆែកឆេរ​ដល់​ភូមិគ្រឹះ​ចំនួន ៣​ទីតាំង​របស់​ឧកញ៉ា ថោង សារ៉ាត់​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានឲ្យ​ដឹងថា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ប៉ូលិស​កម្ពុជាបានចាប់ផ្ដើម​សហការ​ជា មួយ​ប៉ូលិស​អន្តរជាតិ​អាំងទែ​ប៉ូល បន្ថែម​លើ​ការសហការ​ជាមួយ​ប៉ូលិស​ក្នុង ប្រទេស​ក្បែរ​ខាង​កម្ពុជា​។ លោក​ថា ការ​តាម​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ គឺ​ចាំបាច់​ណាស់​ត្រូវ​មានការ​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​អាំងទែ​ប៉ូល ហើយ​ប៉ូលិស​អន្តរជាតិ​នៃ​ស្ថាប័ន​នេះ ក៏បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់​កម្ពុជា ដែរ​៖ «​សមត្ថកិច្ច​របស់​ប្រទេស នីមួយៗ បើ​គ្មាន​កិច្ចសហការ​ជាមួយ​ប៉ូលិស​អាំងទែ​ប៉ូល​ទេ ធ្វើ​អី​មិនកើត​ទេ ណាមួយ​យើង​ជា​សមាជិក​អាំងទែ​ប៉ូល​ផង​»​។​

គួររំលឹកថា កាលពី​ថ្ងៃទី​១១ ខែធ្នូ ប៉ូលិស​កម្ពុជា បាន​បញ្ជូន​ដីកា​ស្វែងរក​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ទៅ​អាជ្ញាធរ​ប្រទេស​វៀតណាម និង​ប្រទេសជិតខាង​កម្ពុជា ដើម្បី​សុំ​កិច្ចសហការ​ក្នុងការ​ចាប់ខ្លួន​បញ្ជូន​ជនសង្ស័យ​មក​កម្ពុជា ផ្ដន្ទាទោស​តាមច្បាប់​។​

RFA បន្តថា ដូចគ្នានេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌ នៃ​ក្រសួងមហាផ្ទៃ ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ប៉ូលិស​របស់​ប្រទេស​វៀតណាម បាន​ឆ្លើយតប​ចំពោះ​ការស្នើសុំ​កិច្ចសហការ​ពី​ប៉ូលិស​កម្ពុជា ហើយ​។ ប៉ុន្តែ​លោក​មិនទាន់​អះអាងថា នឹង​ចាប់ខ្លួន លោក ថោង សារ៉ាត់ បាន​នៅពេលណា​នោះទេ​៖ «​កំពុងតែ​ស្រាវជ្រាវ​! ធម្មតា​ទេ​យើង​តែ​ដាក់​ស្នើសុំ​ចឹ​ង​ទៅ គេ​សហការ​ជាមួយ​យើង​ហើយ​»​។​

គួរបញ្ជាក់ថា ​កាលពី​ថ្ងៃទី​១២ ខែធ្នូ សមត្ថកិច្ច​ចម្រុះ​ចុះទៅ​ឆែកឆេរ​ដល់​ភូមិគ្រឹះ​ចំនួន ៣​ទីតាំង​របស់​ឧកញ៉ា ថោង សារ៉ាត់​។ កាសែត​ក្នុងស្រុក​រាយការណ៍​ថា សមត្ថកិច្ច​បាន​ដកហូតយក​ក្បាល​កាមេរ៉ា​សុវត្ថិភាព និង​ម៉ាស៊ីន​ផ្ដិត​ក្រយៅដៃ កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ​មួយ​ដើម និង​វត្ថុតាង​មួយចំនួនទៀត និង​បាន​កោះហៅ​មេការ​ម្នាក់​នៃ​បុរី​៩៩៩ មក​សាកសួរ​។ លោ ថោង សារ៉ាត់ ត្រូវបាន​គេ​សង្ស័យថា ជា​មេខ្លោង​នៅ​ពីក្រោយ​នៃ​ការបាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ​។ ទាក់ទង​សំណុំ​រឿងនេះ តុលាការ​បាន​ចាប់ខ្លួន​ឃុំខ្លួន​មនុស្ស ៦​នាក់ ក្នុងនោះ​រួមមាន ឪពុកម្តាយ លោក ថោង សារ៉ាត់ និង​អង្គរក្ស ៤​នាក់ ដែលមាន​ម្នាក់​បាន​ឆ្លើយថា ខ្លួន​ជា​អ្នកបាញ់​សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ រំពឹងថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន លោក​ឧកញ៉ា ថោង សារ៉ាត់ បាន​ក្នុង​ពេលខាងមុខ​ដ៏​ខ្លី​។ លោក​ថា នៅពេល​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ បាន ប៉ូលិស​នឹងធ្វើ​សន្និសីទកាសែត​ជា​សាធារណៈ ឲ្យ​សាធារណជន​បានដឹង​រឿងក្តី​ឲ្យ​បាន​ស៊ីជម្រៅ​៕

Untitled-1