ដោយ៖ប៉ែន សុផល
បាត់ដំបង៖នារសៀលថ្ងៃទី២០តុលានេះ គេសង្កេតឃើញភ្ញៀវទេសចរអឺរុបជាច្រើននាក់ បានមកទស្សនាតំបន់ទេសចរណ៍នានានៅក្នុងខេត្តបាត់ដំបង ជាពិសេសតំបន់ទេសចរណ៍ដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ។
បើតាមអ្នកបកប្រែជនជាតិខ្មែរបានឲ្យដឹងថា ភ្ញៀវទេសចរទាំងនោះ ជាជនជាតិបារាំង។ ពួកគេមកដល់ទឹកដីខេត្តបាត់ដំបង ក្នុងបំណងចង់ទស្សនា និងស្វែងយល់អំពីតំបន់ទេសចរណ៍នានា ដែលមានលក្ខណះជាប្រវត្តិសាស្ត្រ មានដូចជាប្រសាទបុរាណ ភូមិវប្បធម៌ អគារបេតិកភ័ណ្ឌនៅក្នុងទីក្រុងបាត់ដំបង និងអំពីជីវភាពរស់នៅបែបប្រពៃណីរបស់ពលរដ្ធខេត្តបាត់ដំបង ព្រោះខេត្តបាត់ដំបង ជាខេត្តមួយដែលមានវ័យចំណាស់នៅក្នុងប្រទេសកម្ពុជា។
បើតាមការកត់សម្គាល់កន្លងមក ភ្ញៀវបរទេសដែលបានមកដល់ទឹកដីខេត្តបាត់ដំបង ក្រៅពីដើរទស្សនាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រខាងលើ ពួកគេក៏មិនភ្លេចទៅជិះឡូរីកំសាន្តលើផ្លូវរថភ្លើង នៅស្ថានីយរថភ្លើងអូរដំបង ក្នុងស្រុកសង្កែដែរ ដែលការធ្វើដំណើរកំសាន្តតាមឡូរី លើផ្លូវរថភ្លើងនេះ គឺជាការពេញនិយមបំផុតរបស់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវអឺរុបតែម្ដង៕