ភ្នំពេញ៖ បច្ចុប្បន្ននេះចំនួនយានយន្តគ្រប់ប្រភេទបានកើនដល់ ២,៦ លានគ្រឿង គឺកើនឡើងជាង២ម៉ឺនគ្រឿងបើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៣។
យោងតាមតាមរបាយការណ៍ក្រសួងសាធារណការមយយថា ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ២០១៤នេះ មានយានយន្តគ្រប់ប្រភេទបានចុះបញ្ជី នៅក្រសួងចំនួន ២២៣.០១៨ គ្រឿង។ក្នុងកំណើនយានយន្តគ្រប់ប្រភេទទាំងនេះ មានម៉ូតូចុះបញ្ជីបានកើនដល់ប្រមាណជា ២,៣លានគ្រឿងហើយ ចំណែករថយន្តមានចំនួនតែប្រមាណជាបួនសែនគ្រឿង។ តួលេខនេះ មិនត្រូវបានគិតបញ្ចូល យានយន្តដែលបានចុះបញ្ជីនៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃនោះទេ។
លោក ព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ បាននិយាយឲ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០១៤ យានយន្តគ្រប់ប្រភេទ ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងសាធារណការ មានចំនួន ២៤.៩១២ គ្រឿង ក្នុងនេះ មានម៉ូតូចំនួន ២២.៤២៥ គ្រឿង និងរថយន្តទាំង៥ប្រភេទចំនួន ២.៤៨៧ គ្រឿង។
ប្រភពខាងលើ បានឲ្យដឹងទៀតថា ចាប់តាំងពីខែមករា រហូតមកដល់ដំណាច់ខែសីហា រថយន្តចុះបញ្ជីត្រឹមត្រូវនៅក្រសួងសាធារណការមានចំនួន ២២៣.០១៨ គ្រឿង ដែលក្នុងនេះមានម៉ូតូចំនួន ១៩៤.៧៦៧ គ្រឿង និងរថយន្ត ២៨.២៥១ គ្រឿង។ បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៣នោះ ឃើញថា ចំនួនយានយន្តចុះដែលបានបញ្ជីក្នុងយៈពេលប្រាំបីខែនៃឆ្នាំ២០១៤នេះ បានកើនឡើងជាង ពីរម៉ឺនគ្រឿង។ ចំនួននៃការកើនឡើងមានតែម៉ូតូទេ ឯចំនួនរថយន្តបានថយចុះ គួរកត់សម្គាល់។
ប្រភពបន្តថា រយៈពេលប្រាំបីខែដើមឆ្នាំ២០១៣ មានយានយន្តគ្រប់ប្រភេទបានចុះបញ្ជីចំនួន ២០៣.៧៥០ គ្រឿង ក្នុងនេះមានរថយន្តចំនួន ២៩.៣៧៩ គ្រឿង និងម៉ូតូចំនួន ១៧៤.៣៧១ គ្រឿង។
ជាការកត់សម្គាល់ រថយន្តឯកជនប្រើប្រាស់ ស្លាកលេខ ខេមរភូមិន្ទ និងនគរបាលជាតិ ខុសពីច្បាប់បានកំណត់ សព្វថ្ងៃនេះ ឃើញមានធ្វើចរាចរច្រើន នៅលើផ្លូវសាធារណៈ ជាពិសេស រថយន្តស៊េរីទំនើបៗ ដើម្បីគេចវេសពីការបង់ពន្ធផ្លូវប្រចាំឆ្នាំ និងអ្នកខ្លះបានប្រើប្រាស់ក្នុងគោលដៅមិនស្របច្បាប់។
រថយន្តឯកជនពាក់ស្លាកលេខខេមរភូមិន្ទ និងនគរបាលជាតិដែលបាននឹងកំពុងធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈសព្វថ្ងៃនេះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងដល់ស្ថាប័នជំនាញនិងរាជរដ្ឋាភិបាលដែលបានមើលរំលងពីការបាត់បង់ចំណូលពន្ធរាប់ពាន់លានរៀលដែលកំពុងស្ថិតនៅលើរថយន្តស៊េរីទំនើបៗ នេះគេមិនទាន់និយាយដល់ការបំភ្លៃតួលេខយានយន្តដែលជាប់កាត្តព្វកិច្ចបង់ពន្ធដើម្បីកឹបកេងចំណូលពន្ធនោះផងទេ៕
កម្ពុជាឆ្នាំនេះមានយានយន្តគ្រប់ប្រភេទ២,៦លានគ្រឿងកើនឡើងជាង២ម៉ឺនគ្រឿង