សេអ៊ូល៖ប្រទេសកូរ៉េខាងជើងគ្រោងនឹងធ្វើការបំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរលើកទី០៦ របស់ខ្លួននៅដើមឆ្នាំក្រោយចំពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់។
ថ្លែងក្នុងវេទិកាពិភាក្សាស្តីពីកិច្ចការយោធានៅទីក្រុងសេអ៊ូល លោក Lee Su-seok ប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមយុទ្ធសាស្ត្រ នៃវិទ្យាស្ថានសន្តិសុខជាតិ កូរ៉េខាងត្បូងបានលើកឡើងថា នៅដើមឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះដែលជាថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ទីក្រុងព្យុងយ៉ាង ទំនងជានឹង បំផ្ទុះសាកល្បងនូវគ្រាប់នុយក្លេអ៊ែរជាថ្មីម្តងទៀត និងបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដើម្បីបញ្ជាក់ថាប្រទេសខ្លួន ជាមហាអំណាចមួយនៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោក៕