តួកគី៖ក្រុមជីហាដនិយមរដ្ឋឥស្លាមបានចេញវីដេអូមួយបង្ហាញពីទាហានតួកគីពីរនាក់ដែលត្រូវចាប់បានកំពុងត្រូវបានដុតទាំងរស់បន្ទាប់ពីរដ្ឋាភិបាលក្រុងអង់ការ៉ាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹង “ពួកភេរវករ” នៅក្នុងប្រទេសស៊ីរីដើម្បីឆ្លើយតបទៅនឹងការសម្លាប់ទាហានរបស់ខ្លួនចំនួន១៦នាក់នៅក្នុងការប្រយុទ្ធមួយ។
វីដេអូរយៈពេល១៩នាទីដែលបង្ហាញពីបុរសឯកសណ្ឋានពីរនាក់ត្រូវបានអូសចេញពីទ្រុងមួយមុនពេលត្រូវបានគេចងនិងដុតគឺត្រូវបានបង្ហោះលើគេហទំព័ររបស់ក្រុមជីហាដនេះ។ និយាយជាភាសាទួរគី ឃាតករដែលបានសម្លាប់បុរសទាំងពីរនាក់នោះបានរិះគន់លោកប្រធានាធិបតីតួកគីRecep Tayyip Erdogan និងអំពាវនាវឲ្យមានការបំផ្លិចបំផ្លាញនៅក្នុងប្រទេសតួកគី។
ទីភ្នាក់ងារព័ត៌មាន Amaq ដែលមានទំនាក់ទំនងជាមួយក្រុម IS បានចុះផ្សាយកាលពីខែមុនថា ក្រុមជីហាដបានចាប់ទាហានតួកគីចំនួនពីរនាក់ ខណៈដែលកងទ័ពតួកគីនិយាយថា ខ្លួនបានបាត់ការទាក់ទងជាមួយទាហានរបស់ខ្លួនទាំងពីរនេះ។
គួរបញ្ជាក់ថា ការចេញផ្សាយវីដេអូនេះគឺបានកើតឡើងមួយថ្ងៃបន្ទាប់ពីទាហានទួរគីចំនួន១៦នាក់ត្រូវបានសម្លាប់ដោយក្រុមយុទ្ធជន IS នៅក្នុងការចាញ់បង់ដ៏ធំបំផុតរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាក្នុងការលុកលុយមិនធ្លាប់មានពីមុនមករបស់ខ្លួនចូលទៅក្នុងប្រទេសស៊ីរី៕