រដ្ឋអាជ្ញា​​នឹង​ចូល​ស៊ើបអង្កេត​ការិយាល័យ​អ្នកស្រី ផាក ហ្គឹ​ន​ហេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2016 ក+ ក-

​សេ​អ៊ូ​ល​៖​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង​យ៉ុ​ន​ហាប់​បានចេញ​ផ្សាយ​ថា រដ្ឋអាជ្ញា​ពិសេស​ទទួលបន្ទុក​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​អាស្រូវ​ពុករលួយ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​អ្នកស្រី ផាក ហ្គឹ​ន​ហេ បាន​និយាយថា ខ្លួន​គ្មាន​ជម្រើស​នោះឡើយ ប៉ុន្តែ​នឹង​ចូល​ស៊ើបអង្កេត​ការិយាល័យ​ប្រធានាធិបតី​។​
​ក្រុម​រដ្ឋអាជ្ញា​ពិសេស កំពុង​ស៊ើបអង្កេត​លើ​ការ​ចោទថា អ្នកស្រី ផាក បាន​សមគំនិត​គ្នា​ជាមួយ​មិត្ត​គឺ​អ្នកស្រី ឆ​យ ស៊ុន​ស៊ី​ល និង​ក្រុម​ជំនួយការ ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ក្រុមហ៊ុន​ធំៗ ឲ្យ​បរិច្ចាគ​ប្រាក់​ចូល​មូលនិធិ​នានា​ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​គាំទ្រ​គំនិត​ផ្តួចផ្ដើម​ខាង​គោលនយោបាយ​របស់​អ្នកស្រី ផាក​។​
​ក្រុម​រដ្ឋអាជ្ញា​និយាយថា ពួកគេ​ត្រូវតែ​ចូលទៅ​ការិយាល័យ​ប្រធានាធិបតី ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់​ពួកគេ តែ​ការិយាល័យ​ប្រធានាធិបតី​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​។​
​គួរ​បញ្ជាក់ថា អ្នកស្រី ផាក មាន​បុព្វសិទ្ធិ​រួច​ផុតពី​ការកាត់ទោស ដរាបណា​អ្នកស្រី​នៅ​កាន់តំណែង​នៅឡើយ បើទោះបី​អំណាច​របស់​អ្នកស្រី ត្រូវបាន​ដកហូត​ក៏ដោយ​៕

12