អេ​ហ្ស៊ី​ប​ឃុំខ្លួន​អ្នកកាសែត ​ទូរទស្សន៍ Al Jazeera ម្នាក់​១៥​ថ្ងៃ​ចោទ​រឿង “​ប្រឌិត​ព័ត៌មាន​”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2016 ក+ ក-

​អេ​ហ្ស៊ី​ប​៖​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​អេ​ហ្ស៊ី​ប​បាន​បញ្ជា​ឲ្យ​ឃុំខ្លួន​អ្នកកាសែត​ទូរទស្សន៍ Al Jazeera ម្នាក់​រយៈពេល​១៥​ថ្ងៃ​លើ​ការចោទប្រកាន់​ពីបទ​ញុះញង់​និង​ប្រឌិត​ព័ត៌មាន​។​
​វា​គឺជា​សកម្មភាព​ថ្មី​បំផុត​ប្រឆាំងនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាតា​មួយ​នេះ​ដែល​ប្រទេស​អេ​ហ្ស៊ី​ប​បាន​ចោទប្រកាន់​នៃ​ការគាំទ្រ​ប្រធានាធិបតី​មូស្លីម​ទម្លាក់​ចេញពី​តំណែង​លោក Mohamed Morsi ។​
​លោក Mahmoud Hussein ដែលជា​ជនជាតិ​អេ​ហ្ស៊ី​ប​វ័យ​៥១​ឆ្នាំ​បាន​ជិះ​យន្តហោះ​ទៅកាន់​ទីក្រុង​គែរ​កាលពី​ថ្ងៃ​អង្គារ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ជា​លក្ខណៈ​គ្រួសារ​មួយ​ប៉ុន្តែ​ត្រូវបាន​បញ្ឈប់​និង​សួរចម្លើយ​នៅឯ​ព្រលានយន្តហោះ​ជាច្រើន​ម៉ោង​មុនពេល​ត្រូវបាន​ដោះលែង​។​
​កាលពី​ថ្ងៃ​សុក្រ ប៉ូលិស​បាន​ឆ្មក់​ចូល​ផ្ទះ​របស់គាត់​នៅ​ទីក្រុង​គែរ​និង​បាន​ចាប់ខ្លួន​គាត់​តែម្តង​។ គាត់​ត្រូវបាន​សាកសួរ​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​នៅពេលដែល​ព្រះរាជអាជ្ញា​បានសម្រេច​ចិត្ត​ឃុំខ្លួន​គាត់​រយៈពេល​១៥​ថ្ងៃ​។​
​មន្ត្រី​រដ្ឋអាជ្ញា​បាន​និយាយថា លោក Hussein នឹង​ត្រូវបាន​ឃុំខ្លួន​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​អំពី​ការចោទប្រកាន់ថា លោក​បាន​ញុះញង់​ប្រឆាំងនឹង​រដ្ឋ​ហើយ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​និង​ខ្សែភាពយន្ត​ឯកសារ​នានា​។​
​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ពី​ការចោទប្រកាន់​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បង្ហោះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ ក្រសួង​បាន​លើកឡើងថា លោក Hussein គឺ​បាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ផែនការ​របស់​ទូរទស្សន៍ Al Jazeera ដែលមាន​គោលបំណង​បង្ក​ឲ្យ​មាន​ភាពមិន​ចុះសម្រុង​និង​ញុះញង់​ប្រឆាំងនឹង​ស្ថាប័នរដ្ឋ​ហើយ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ព្រមទាំង​សេចក្តីរាយការណ៍​ប្រឌិត​និង​ខ្សែភាពយន្ត​ឯកសារ​។​
​កាលពី​ខែវិច្ឆិកា ទូរទស្សន៍ Al Jazeera បាន​ផ្សាយ​ភាពយន្ត​ឯកសារ​មួយ​ដែលមាន​ចំណងជើង​ថា “The Soldiers” ដែល​អតីត​ទាហាន​បាន​រៀបរាប់​អំពី​សេវា​យោធា​កំហិត​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​ដែល​នាំ​ឲ្យ​មានការ​រិះគន់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​គួរ​បញ្ជាក់ថា ប្រទេស​អេ​ហ្ស៊ី​ប​បាន​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ជា​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៣​នៅពេលដែល​ខ្លួន​បាន​ចាប់ខ្លួន​អ្នកកាសែត Al-Jazeera បីនាក់​ដោយ​ក្នុងនោះ​រួមមាន​ជនជាតិ​កាណាដា​ម្នាក់​និង​អូស្ត្រាលី​ម្នាក់​ផងដែរ​ហើយ​បាន​ផ្តន្ទាទោស​ពួកគេ​ឲ្យ​ជាប់ពន្ធនាគា​រលើ​បទចោទប្រកាន់​ស្រដៀង​គ្នា​នេះ​៕
35dc4c16065a4113540f6a7067009914