ទូក​ដឹក​ក្រុម​កីឡាករ​បាល់ទាត់​ក្រឡាប់​លិច​នៅ​អ៊ូ​ហ្គ​ង់​ដា​បាត់​ខ្លួន​ច្រើន​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2016 ក+ ក-

អ៊ូ​ហ្គ​ង់​ដា​៖​មន្ត្រីប៉ូលិស​អ៊ូ​ហ្គ​ង់​ដា​នៅ​តំបន់​កើតហេតុ​បាន​ឲ្យ​ដឹងថា មកទល់​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​សាកសព​មនុស្ស​ចំនួន​០៩​នាក់ ត្រូវបាន​គេ​រកឃើញ និង​អ្នកដំណើរ​ចំនួន​១៥​នាក់​ផ្សេងទៀត​ត្រូវគេ​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា ហើយ​ក្រុម​អ្នកនេសាទ​ក៏​កំពុងតែ​ស្វះស្វែង ជួយ​អាជ្ញាធរ​ដើម្បី​តាមរក​ជនរងគ្រោះ​ជាង​២០​នាក់​ទៀត ដែល​នៅតែ​បន្ត​បាត់​ខ្លួន​នៅឡើយ​ផងដែរ​។​
​នេះ​បើតាម​សម្តី​មន្ត្រីប៉ូលិស​អ៊ូ​ហ្គ​ង់​ដា​ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែធ្នូ ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោចណាស់​ចំនួន​៣០​នាក់​បាន​លង់ទឹក​នៅក្រោយ​ពេលដែល​ទូក​ផ្ទុក​កីឡាករ​បាល់ទាត់​មួយក្រុម រួមជាមួយ​និង​អ្នកគាំទ្រ​របស់​ពួកគេ​បាន​ក្រឡាប់​លិច នៅលើ​បឹង​អាល់​បឺត (Lake Albert) ក្នុងប្រទេស​អ៊ូ​ហ្គ​ង់​ដា​។
​គួរ​បញ្ជាក់ដែរថា អ្នកដំណើរ​ភាគច្រើន​បាន​ស្ថិតនៅក្នុង​សភាព​ស្រវឹង​ជោក អំឡុងពេល​ពួកគេ​ធ្វើដំណើរ​នៅលើ​ទូក ដែល​បាន​ជួប​គ្រោះថ្នាក់ ហើយ​មនុស្ស​មួយក្រុម​នេះ មាន​គោលដៅ​ចេញពី​ស្រុក Buliisa ដើម្បី​ទៅ​ចូលរួម​ការប្រកួត​បាល់​ទាត់​មួយ នាឱកាស​នៃ​បុណ្យ​គ្រី​ស្មាស់​នៅក្នុង​ស្រុក Hoima ដោយបាន​ច្រៀង​លេង យ៉ាង​សប្បាយរីករាយ​នៅមុន​ពេល​ជួប​សោកនាដកម្ម ដ៏​គួរ​ឲ្យ​ស្តាយ​នេះ​៕

fn-2016-12-27-08-58-28-2fn-2016-12-27-08-58-28-1