ព្រឹត្តិការណ៍​ដែល​កើតឡើង​កក្រើក​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2016 ក+ ក-

​ពិភពលោក​៖​ជន​ស៊ីវិល​ក្នុងប្រទេស​ស៊ី​រី ប្រទេស​អ៊ីរ៉ាក់ និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ពិតជា​នឹង​កត់សម្គាល់​ឆ្នាំ​២០១៦​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ប្រជាជន​អាមេរិក​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​បាន​បោះឆ្នោត​ឲ្យ​លោក Donald Trump ជាប់​ជា​ប្រធានាធិបតី​អាមេរិក ។ មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ស្អប់ និង​គ្រោះមហន្តរាយធម្មជាតិ​នៅ​ទូទាំង​ទ្វីប ។ ឆ្នាំ​២០១៦ នេះ​បានបង្ហាញ​ពី​សោកនាដកម្ម​ជាច្រើន​ទាំង​មនុស្សជាតិ និង​ធម្មជាតិ ។​
​ខែមករា​
​ថ្ងៃទី​១៥ ខែមករា​
​តៃវ៉ាន់​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ស្រី​ជា​លើកដំបូង ៖ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​របស់​តៃវ៉ាន់​នេះ ប្រធាន​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ និង​ជា​បេក្ខជន​លោកស្រី Tsai Ing-wen បាន​កាន់តំណែង​ជា​លើកដំបូង​ជាមួយនឹង​ការទទួលបាន​សម្លេងឆ្នោត ៥៦.១​ភាគរយ ។ លោកស្រី Tsai បាន​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែឧសភា ។​
​ថ្ងៃទី​២០ ខែមករា​
​បណ្តា​ប្រទេស​ដែល​រង​ផលប៉ះពាល់​មេរោគ Zika ៖ បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក WHO វីរុស Zika បាន​រីក​រាលដាល​ការផ្ទុះ​នៅក្នុង​ទ្វីបអាមេរិក ។ មេរោគ​នេះ​បណ្តាល​ឲ្យ​ក្បាល​តូច ក្នុងចំណោម​ទារក​ដែល​ម្តាយ​ត្រូវបាន​ឆ្លង​មេរោគ​នេះ ។ អ្នក​ឆ្លង​មេរោគ​នេះ​ប្រមាណ ៤​លាន​នាក់​ត្រូវបាន​រកឃើញ​មកទល់ពេលនេះ ។​
​ខែមីនា​
​ថ្ងៃទី​៣ ខែមីនា​
​ដាក់ទណ្ឌកម្ម​ប្រទេស​កូរ៉េខាងជើង ៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជា​ឯកច្ឆ័ន្ទ​បានដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​កូរ៉េខាងជើង បន្ទាប់ពី​បាន​បាញ់​រ៉ុក្កែត​ដែល​ដាក់ចូល​ទៅក្នុង​គន្លង​ផ្កាយរណប​មួយ​នៅ​ខែកុម្ភៈ ។​
​ថ្ងៃទី​១៥ ខែមីនា​
​លោក Htin Kyaw បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ប្រទេស​មី​យ៉ាន់​ម៉ា ៖ សភា​មី​យ៉ាន់​ម៉ា​បាន​បោះឆ្នោត​ឲ្យ​លោក Htin Kyaw ជា​ប្រ​ធានា​ធីប​តី​ដែល​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ចូលទៅក្នុង​រដ្ឋាភិបាល ។​
ថ្ងៃទី​២២ ខែមីនា​
​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ៖ មនុស្ស ៣២​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Zaventem និង​នៅក្នុង​ស្ថានីយ​រថភ្លើង Maelbeek នៅ​ទីក្រុង Brussels ។ ក្រុម​រដ្ឋ​ឥស្លាម​បីនាក់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ដោយ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Khalid el-Bakraouie, Ibrahim el-Bakraoui និង Najim Laachraoui ដែល​ក៏​ត្រូវបាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​នោះ​ផងដែរ ។​
​ថ្ងៃទី​២៧ ខែមីនា​
​ការ​បំផ្ទុះ​គ្រាប់បែក​បុណ្យ Easter នៅ​ថ្ងៃអាទិត្យ​ក្នុង​ទីក្រុង Lahore ៖ មនុស្ស ៧៥​នាក់​បាន​ស្លាប់ និង​ជាង ៣៤០​នាក់​រងរបួស​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ដែល​បាន​វាយប្រហារ​ឧទ្យាន Gulshan-e-Iqbal នៅ​ទីក្រុង Lahore ប្រទេស​ប៉ា​គី​ស្ថាន ។ ការវាយប្រហារ​នេះ​បាន​អះអាង​ដោយ​ក្រុម​គណបក្ស Jamaat-ul-Ahrar ដែល​បានកំណត់​គោលដៅ​លើ​ពួក​គ្រី​ស្ទា​ន​ដែល​កំពុង​ប្រារព្វ​ពិធីបុណ្យ Easter ។​
​ថ្ងៃទី​៣០ ខែមីនា​
‘​ស្នេហា​គឺមាន​នៅក្នុង​ខ្យល់​’ ៖ បុរស​ជនជាតិ​អេ​ហ្ស៊ី​ប Seif Eddin Mustafa បាន​ប្លន់​យន្តហោះ EgyptAir ដែល​ហោះហើរ​ពី​ប្រទេស​អេ​ហ្ស៊ី​ប​ទៅកាន់​ទីក្រុង Cairo ។ យន្តហោះ​នេះ​ត្រូវបាន​បង្វែរ​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង Larnaca នៅក្នុង​ប្រទេស​សាយ​ព្រឺស ជា​កន្លែង​ដែល​លោក Mustafa ទាមទារ​យកប្រពន្ធ​ដែល​បែក​គ្នា​របស់គាត់ ។ ក្រុម​អ្នកស៊ើប​អង្កេត​បាន​រៀបរាប់ថា បុរស​ម្នាក់​នោះ “​មិន​ស្ថិតស្ថេរ​ខាង​ចិត្តសាស្ត្រ​” ។ គ្មាន​នរណាម្នាក់​នៃ​អ្នកដំណើរ​ចំនួន ៥៦​នាក់ និង​នាវិក​ចំនួន​ប្រាំពីរ​នាក់​រង​ការឈឺចាប់​ឡើយ ។​
​ខែមេសា​
​ថ្ងៃទី​៣ ខែមេសា​
​ឯកសារ​ប៉ា​ណា​ម៉ា ៖ ជា​លើកដំបូង​ពិភពលោក​បានឮ​ពាក្យ “​ឯកសារ​ប៉ា​ណា​ម៉ា​” ដែល​សំដៅ​ទៅលើ​ឯកសារ​សម្ងាត់​រាប់លាន​ឯកសារ​ដែល​ត្រូវបាន​លេច​ធ្លាយ​ពី​ក្រុមហ៊ុន​ច្បាប់​ដែលមាន​មូលដ្ឋាន​នៅ​ប៉ា​ណា​ម៉ា Mossack Fonseca ។ ឯកសារ​នេះ​បានបង្ហាញ​លម្អិត​ពី​របៀប​មួយចំនួន​នៃ​មនុស្ស​ដែលមាន​ជាងគេ​បំផុត​របស់​ពិភពលោក​បាន​ប្រើប្រាស់​ជម្រក​ពន្ធ​ទៅ​លាក់ទុក​ទ្រព្យសម្បត្តិ​រប​ស់​ពួកគេ ។​
​ថ្ងៃទី​១៦ ខែមេសា​
​រញ្ជួយ​ដី​នៅ​ប្រទេស​អេ​ក្វា​ឌ័​រ ៖ មនុស្ស​ជាង ៦០០​នាក់​ត្រូវបាន​ស្លាប់​នៅពេលដែល​ការរញ្ជួយ​ដី​កម្រិត ៧,៨​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​ប្រទេស​អេ​ក្វា​ឌ័​រ ។ វា​ត្រូវបាន​ចាត់ទុកថា​ជា​គ្រោះមហន្តរាយធម្មជាតិ​អាក្រក់​បំផុត​ដែល​បាន​វាយប្រហារ​ប្រទេស​នេះ ខណៈដែល​ការរញ្ជួយ​ដី​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២៧.០០០​នាក់​រងរបួស ។​
​ខែឧសភា​
​ថ្ងៃទី​១១ ខែឧសភា​
​ទីក្រុង​បា​ដា​ដ​ត្រូវបាន​វាយប្រហារ​ដោយ​ក្រុម ISIS ៖ មនុស្ស​ជាង ១០០​នាក់​ត្រូវបាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅក្នុង និង​ក្បែរ​ទីក្រុង​បា​ដា​ដ ។ ការ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​មួយ​បាន​ផ្ទុះឡើង​នៅក្នុង​ហ្វូងមនុស្ស​នៅ​ខាងក្រៅ​ទ្វារ​ផ្សារ​ទំនិញ​ក្នុង​ទីក្រុង Sadr ។ ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​ផ្សេងទៀត​បានកើត​ឡើង​នៅក្នុង​តំបន់​និកាយ​ស៊ី​អ៊ី​ត Kadhimiya ស្រុក Jamea និង​ដងផ្លូវ al-Rabie ។​
​ថ្ងៃទី​២៣ ខែឧសភា​
​អាមេរិក​លុបចោល​ការ​ហាមឃាត់​ការលក់​អាវុធ​ទៅ​ឲ្យ​វៀតណាម ៖ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាសថា ការហាមឃាត់​ជាច្រើន​ទសវត្ស​រ៍លើ​ការលក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ត្រូវបាន​លុបចោល ។ ការហាមឃាត់​ការលក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ដែល​វា​ជា​ផលិតផល​មួយ​នៃ​សង្គ្រាមត្រជាក់​នៅ​ឆ្នាំ​១៩៩០ ។​
​ថ្ងៃទី​២៧ ខែឧសភា​
​លោក អូ​បា​ម៉ា ទស្សនកិច្ច​នៅ​កោះ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ៖ លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ក្លាយជា​ប្រធានាធិបតី​ដំបូង​គេ​ទៅ​ទស្សនកិច្ច​កោះ​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​បាន​ជួប​ជាមួយ​អ្នក​នៅ​រស់រានមានជីវិត​ផងដែរ ។​
​ខែមិថុនា​
​ថ្ងៃទី​៣ ខែមិថុនា​
​ការស្លាប់​របស់ “​មនុស្ស​ពិសេស​បំផុត​” ៖ អ្នក​ប្រដាល់​តំណាង​សហរដ្ឋអាមេរិក​កីឡាករ Muhammad Ali បាន​ស្លាប់​នៅ​អាយុ ៧៤​ឆ្នាំ​ដោយសារតែ​ផលវិបាក​ផ្លូវដង្ហើម និង​ជំងឺ Parkinson ។​
​ថ្ងៃទី​១២ ខែមិថុនា​
​ការបាញ់ប្រហារ​ក្លិប​រាត្រី​នៅ Orlando ៖ មនុស្ស ៤៩​នាក់​ត្រូវបាន​សម្លាប់ និង​៥៩​នាក់​បាន​រងរបួស​នៅពេលដែល​អ្នក​វាយប្រហា​រ Omar Mateen បាន​ចូលទៅ​បាញ់​រង្គាល​នៅឯ​ក្លិប​រាត្រី​ស្រឡាញ់​ភេទ​ដូចគ្នា Pulse ។ វា​ជាការ​បាញ់ប្រហារ​ស្លាប់​ច្រើន​បំផុត​ដោយ​អ្នកបាញ់​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​វា​ក៏​ជា​ឧបទ្ទវហេតុ​សម្លាប់​មនុ​ស្ស​ច្រើន​បំផុត​នៃ​អំពើហិង្សា​ប្រឆាំងនឹង​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​អាមេរិក ។​
​ថ្ងៃទី​១៨ ខែមិថុនា​
​ការទទួល​ជ័យជម្នះ​នៅក្នុង​ទីក្រុង Falluja ៖ រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ បន្ទាប់ពី​ក្រុម ISIS បាន​អះអាង​ពី​ទីក្រុង Falluja នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ កងទ័ព​រដ្ឋាភិបាល​ប្រកាស​ពី​ការទទួល​ជ័យជម្នះ ខណៈដែល​ខ្លួន​បាន​រឹបអូស​ទីក្រុង​នេះ​មកវិញ ។​
​ថ្ងៃទី​២៣ ខែមិថុនា​
​ការបោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប ៖ នៅក្នុង​ការទទួល​ជ័យជម្នះ​លើ​សម្លេង​៥២​ភាគរយ អ្នកបោះឆ្នោត​នៃ​ប្រទេស​អង់គ្លេស​បានសម្រេច​ចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប ។ នាយករដ្ឋមន្ត្រី​លោក David Cameron បាន​លាលែង​ពី​តំណែង បន្ទាប់ពី​មានការ​បាត់បង់​នៃ​យុទ្ធនាការ “​គ្មាន​ការបោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​” របស់គាត់ ។ លោកស្រី Theresa May បាន​ជំនួស​តំណែង​លោក Cameron ក្នុង​ខែកក្កដា ។​
​ថ្ងៃទី​២៨ ខែមិថុនា​
​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Istanbul Ataturk ៖ ភេរវ​ករ​បីនាក់​បាន​វាយប្រហារ​ព្រលានយន្តហោះ Ataturk នៅក្នុង​ទីក្រុង Istanbul ប្រទេស​ទួរគី និង​បានសម្លាប់​មនុស្ស ៤០​នាក់ ។​
​ខែកក្កដា​
​ថ្ងៃទី​១ ខែកក្កដា​
​ចាប់​ចំណាប់ខ្មាំង​នៅ​ហាង​កាហ្វេ​ក្នុង​ទីក្រុង​ដា​កា ៖ សកម្មប្រយុទ្ធ IS ប្រាំ​នាក់​បាន​ចាប់​ចំណាប់ខ្មាំង និង​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ហាង​នំ​បុ័ង Holey Artisan នៅ​ទីក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស ។ មនុស្ស ២៩​នាក់​ត្រូវបាន​សម្លាប់​រួមទាំង​ខ្មាន់កាំភ្លើង​ប្រាំ​នាក់​ផងដែរ ។​
​ថ្ងៃទី​៣ ខែកក្កដា​
​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​តំបន់ Karrada ៖ ការវាយប្រហារ​ដោយ​គ្រាប់បែក​មួយ​ក្នុង​តំបន់ Karrada ទីក្រុង​បា​ដា​ដ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង ៣០០​នាក់ ។ ការវាយប្រហារ​នេះ​បានកំណត់​គោលដៅ​លើ​អ្នក​លក់ទំនិញ​មូស្លីម​ដែល​កំពុង​រៀបចំ​សម្រាប់​បុណ្យ​រ៉ា​ម៉ា​ដាន ហើយ​ក្រុម ISIS បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ ។​
​ថ្ងៃទី​៦ ខែកក្កដា​
​ហ្គេម Pokemon Go ៖ ក្រុមហ៊ុន Nintendo បានចេញ​ផ្សាយ​ហ្គេម Pokemon Go ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​បង្កើត​តួអង្គ និង​ដើរ​ជុំវិញ​ពិភពលោក​ពិតប្រាកដ​មួយ​ដើម្បី​ចាប់ Pokemon ។ ហ្គេម​ទូរស័ព្ទដៃ​នេះ​បាន​ក្លាយជា​កម្មវិធី​កំពូល​ដែល​រកចំណូលបាន​ច្រើន​នៅក្នុង​កម្មវិធី App Store ។​
​ថ្ងៃទី​១២ ខែកក្កដា​
​តុលាការអន្ដរជាតិ​ស្តីបន្ទោស​ចិន ៖ តុលាការអន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ស្តីបន្ទោស​ទង្វើ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ។ សាលាក្តី​និយាយថា ប្រទេស​ចិន​បាន​រំលោភច្បាប់​អន្តរជាតិ ព្រមទាំង​ការជ្រៀតជ្រែក​ជាមួយនឹង​ការនេសាទ​ហ្វីលីពីន ។ ខណៈពេលដែល​ប្រទេស​ហ្វីលីពីន​បាន​អបអរ​លើ​ជ័យជម្នះ​នេះ ប្រទេស​ចិន​មិន​ទទួលយក​សេចក្តីសម្រេច​នេះឡើយ ។​
​ថ្ងៃទី​១៤ ខែកក្កដា​
​ការវាយប្រហារ​ដោយ​រថយន្ត​នៅ​ទិវា Bastille ៖ ទីក្រុង Nice ប្រទេស​បារាំង​បាន​ប្រារព្ធ​ទិវា Bastille Day រថយន្ត​ដឹកទំនិញ​ធន់​ធំ​មួយគ្រឿង​បាន​បើកចូលទៅ​កាន់​ហ្វូងមនុស្ស និង​ស្លាប់​មនុស្ស ៨៤​នាក់ ។ អ្នកបើកបរ​ឈ្មោះ Mohamed Lahouaiej Bouhlel ត្រូវបាន​បាញ់ និង​សម្លាប់​ដោយ​មន្ត្រី​ប៉ូលីស​ផងដែរ ។​
​ថ្ងៃទី​១៥ ខែកក្កដា​
​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​ទួរគី ៖ ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​ដោយ​ក្រុម​ទាហាន​បាន​បរាជ័យ​ក្នុង​ទីក្រុង​អង់កា​រ៉ា និង​ក្រុង​អ៊ី​ស្តង់​ប៊ុល ។ បុគ្គលិក​យោធា និង​ពលរដ្ឋ​បាន​ប៉ះទង្គិច​គ្នា​នៅតាម​ដងផ្លូវ​បណ្ដាល​ឲ្យ​មនុស្ស ៦០​នាក់​បាន​ស្លាប់ ។ មនុស្ស​រាប់ពាន់នាក់​នៃ​ពួក​ផ្សំគំនិត​រដ្ឋប្រហារ និង​អ្នកគាំទ្រ​ត្រូវបាន​ចាប់ខ្លួន​ចាប់តាំងពី​ពេលនោះ​មក ។​
​ថ្ងៃទី​២៥ ខែកក្កដា​
​ការសម្លាប់​អាក្រក់​បំផុត​នៅក្នុង​ប្រទេស​ជប៉ុន ៖ លោក Satoshi Uematsu វ័យ​២៦​ឆ្នាំ​បាន​វាយប្រហារ​មណ្ឌល​ចាស់ជរា Tsukui Yamayuri En ក្នុង​ទីក្រុង Sagamihara ដែល​បានសម្លាប់​មនុស្ស​ចាស់ ១៩​នាក់ ។​
​ខែសីហា​
​ថ្ងៃទី​៨ ខែសីហា​
​ភេរវកម្ម​នៅ​ប៉ា​គី​ស្ថាន ៖ ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​វាយប្រហារ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង Quetta ប្រទេស​ប៉ា​គី​ស្ថាន​បានសម្លាប់​មនុស្ស ៧៤​នាក់ ។ ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន​បាន​អះអាងថា​ការវាយប្រហារ​នេះ ។​
​ថ្ងៃទី​១៩ ខែសីហា​
​តួនាទី​របស់ UN ក្នុង​ការរីក​រាលដាល​ជំងឺ​អាសន្នរោគ​ប្រទេស​ហៃ​ទី ៖ អង្គការសហប្រជាជាតិ​បានប្រកាសថា ពួកគេ​ត្រូវបាន​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​អ្នក​ដែល​បាន​ប៉ះពាល់​ទាំងនោះ​ដោយ​ជំងឺ​អាសន្នរោគ​ក្នុងប្រទេស​ហៃ​ទី ។ មនុស្ស​ជាង ៨០០.០០០ នាក់​ត្រូវបាន​ឆ្លង​ជំងឺ​អាសន្នរោគ ។​
​ថ្ងៃទី​២៥ ខែសីហា​
​រញ្ជួយ​ដី​នៅ​អ៊ីតាលី ៖ ការរញ្ជួយ​ដី​កម្រិត ៦.២​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​កណ្តាល​ប្រទេស​អ៊ីតាលី​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៤៧​នាក់ ។ វា​ក៏បាន​ធ្វើ​ឲ្យ​មានការ​ដួល​រំលំ​ព្រះវិហារ ផ្ទះ និង​ហាង ហើយ​មនុស្ស​រាប់រយ​នាក់​បាន​រងរបួស ។​
​ខែកញ្ញា​
​ថ្ងៃទី​៩ ខែកញ្ញា​
​កូរ៉េខាងជើង​បាន​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ៖ ទីក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ​ដែល​បញ្ជាក់ថា​ប្រទេស​នេះ​បាន​សាងសង់​អាវុធ​នុយក្លេអ៊ែ​រ​ខ្លាំង​ជាង​មុន និង​ស្រាល​ជាង​មុន​ទទួលបាន​ជោគជ័យ​ជាមួយនឹង​អត្រា​ផលប៉ះពាល់​ខ្ពស់ ។ ការធ្វើ​តេស្ត​នេះ​បាន​បង្កើត​សកម្មភាព​រញ្ជួយ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ។​
​ខែតុលា​
​ថ្ងៃទី​១៣ ខែតុលា​
​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត សោយ​ទិវង្គត ៖ ព្រះមហាក្សត្រ​របស់​ប្រទេស​ថៃ ភូមិបុល អាឌុលយ៉ាដេត បាន​សោយ​ទិវង្គត​នៅ​ព្រះជន្ម ៨៨​ព្រះវស្សា នៅ​ទីក្រុង​បាងកក បន្ទាប់ពី​មាន​ជំងឺ​ជា​បន្តបន្ទាប់ ។ ព្រះអង្គ​បាន​បម្រើ​ការងារ​អស់​រយៈពេល​៧០​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​ក្លាយជា​ព្រះមហាក្សត្រ​យូរ​ជាងគេ​បំផុត​ក្នុងការ​បម្រើ​ប្រទេសជាតិ​របស់​ពិភពលោក ។ រាជទាយាទ​ព្រះអង្គម្ចាស់ មហា វ៉ា​ជី​រ៉ា​ឡុងកន ត្រូវបាន​ប្រកាស​ជា​ព្រះមហាក្សត្រ​ថ្មី​នៅ​ថ្ងៃទី​១ ខែធ្នូ ។​
​ថ្ងៃទី​១៧ ខែតុលា​
​ការរំដោះ​ទីក្រុង Mosul ចាប់ផ្តើម ៖ រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​បើក​ដំណើរការ​យុទ្ធសាស្ត្រ​វាយលុក​ដើម្បី​ដណ្ដើមយក​មកវិញ​ក្រុង Mosul ពី​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ។ ទីក្រុង​ដែលមាន​ប្រជាជន ១,៥​លាន​នាក់​ត្រូវបាន​កាន់កាប់​រយៈពេល​ពីរ​ឆ្នាំកន្លងមក​ហើយដោយ​ក្រុម​រដ្ឋ​ឥស្លាម ។​
​ថ្ងៃទី​២០ ខែតុលា​
ការរិះគន់​របស់លោក Duterte ប្រឆាំងនឹង​អាមេរិក ៖ បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ការបោះឆ្នោត​ខែឧសភា​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បានប្រកាស​ជា​ផ្លូវការ​នៃ​ការ​បំបែកចេញ​របស់​ប្រទេស​នេះ​ពី​សហរដ្ឋអាមេរិក ។ លោក Duterte បាន​ឲ្យ​ដឹងថា ហ្វីលីពីន​នឹង​គាំទ្រ​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី ។​
​ខែវិច្ឆិកា​
​ថ្ងៃទី​៧ ខែវិច្ឆិកា​
​ចិន​រារាំង​ការ​សច្ចាប្រណិធាន​របស់​អ្នកតាក់តែង​ច្បាប់​ហុងកុង ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​រារាំង​អ្នកនយោបាយ​គាំទ្រ​ឯករាជ្យភាព​ពីរ​នាក់​គឺ​លោក Sixtus Leung និង​លោកស្រី Yau Wai-ching ពី​ការទទួលយក​អាសនៈ​នៅក្នុង​អង្គនីតិប្បញ្ញត្តិ​របស់​ហុងកុង ។​
​ថ្ងៃទី​៨ ខែវិច្ឆិកា​
​លោក Donald Trump ទទួល​ជ័យជម្នះ​ជា​ប្រធានាធិបតី ៖ បេក្ខជន​គណបក្ស​សាធារណៈ​លោក Donald Trump បានទទួល​ជ័យជម្នះ​ដែល​មិនបាន​រំពឹងទុក​លើ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជា​ធិ​ប​តេ​ត្យ​លោកស្រី Hillary Clinton ដោយ​ទទួលបាន​សម្លេងឆ្នោត ២៧៩​សម្លេង ។ មហាសេដ្ឋី​ជំនួញ​រូបនេះ​នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា ។​
​ថ្ងៃទី​២៤ ខែវិច្ឆិកា​
​ការវាយប្រហារ​ធម្ម​យាត្រា​និកាយ​ស៊ី​អ៊ី​ត ៖ យ៉ាងហោចណាស់​អ្នក​ធម្ម​យាត្រា ៨០​នាក់​បាន​ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់ ។ អ្នក​ធម្ម​យាត្រា​និកាយ​ស៊ី​អ៊ី​ត​នេះ​គឺ​ស្ថិត​ចេញពី​ផ្លូវ​នៃ​ផ្ទះ​របស់​ពួកគេ​ទៅកាន់​ធម្ម​យាត្រា Arbaeen ។​
​ថ្ងៃទី​២៥ ខែវិច្ឆិកា​
​លោក Fidel Castro បានទទួល​មរណៈភាព ៖ អ្នក​បដិវត្តន៍​គុយបា​លោក Fidel Castro បាន​ស្លាប់​នៅ​អាយុ ៩០​ឆ្នាំ ។ លោក Castro គឺជា​មេដឹកនាំ បដិវត្តន៍​កុ​ម្មុយ​និ​ស្ត​គុយបា​អស់​រយៈពេល​ជិត​ប្រាំ​ទសវត្សរ៍​មកហើយ ។​
​ថ្ងៃទី​២៨ ខែ​វិច្ឆិក​
​សមាជិក​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល​បាន​ស្លាប់​នៅក្នុង​ការធ្លាក់​យន្តហោះ ៖ មនុស្ស ៨១​នាក់​បាន​ស្លាប់​ក្នុងការ​ធ្លាក់​យន្តហោះ​មួយ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី ។ អ្នកស្លាប់ និង​របួស ៧១​នាក់​ជា​សមាជិក​នៃ​ក្រុមកីឡា​បាល់ទាត់​ប្រេ​ស៊ី​ល Chapecoense ដែល​ធ្វើដំណើរ​សម្រាប់​ការប្រកួត​ពានរង្វាន់ Copa Sudamericana ប្រកួត​ជាមួយនឹង​ក្លិប Atletico Nacional ។​
​ខែធ្នូ​
​ថ្ងៃទី​៤ ខែធ្នូ​
​ប្រទេស​អ៊ីតាលី​ធ្លាក់ចូល​ទៅក្នុង​ភាពមិនប្រាកដប្រជា ៖ ប្រទេស​អ៊ីតាលី​ស្ថិតនៅក្នុង​ភាពចលាចល​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​អ៊ីតាលី Matteo Renzi បាន​លាលែង​ពី​តំណែង ។ ការប្រកាស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការធ្វើកំណែទម្រង់​របស់​គាត់​ទៅកាន់​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវបាន​ច្រានចោល​ដោយ​អ្នកបោះឆ្នោត ។​
​ថ្ងៃទី​៩ ខែ​ធ្ន​
​ការបោះឆ្នោត​សភា​ដើម្បី​ចោទប្រកាន់​លោកស្រី Park Geun-hye ៖ សមាជិកសភា​កូរ៉េខាងត្បូង​បាន​បោះឆ្នោត​ដើម្បី​ចោទប្រកាន់​លោកស្រី​ប្រធានាធិបតី Park Geun-hye ដែល​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​បំផុត ។ លោកស្រី​ត្រូវបាន​ចោទប្រកាន់​ពីបទ​អំពើពុករលួយ​កាលពី​ខែតុលា រួម​ជាមួយនឹង​មិត្តភក្ដិ​ជិត​សិទ្ធិ​របស់លោក​ស្រី​គឺ​លោកស្រី Choi Soon-sil ។ តាម​ដងផ្លូវ​ទីក្រុង​សេ​អ៊ូ​ល​ត្រូវបាន​គេ​ឃើញ​មានការ​តវ៉ា​ប្រចាំ​សប្តាហ៍​ប្រឆាំងនឹង​លោកស្រី Park ចាប់តាំងពី​ខែតុលា​មក ។​
​ថ្ងៃទី​១៩ ខែធ្នូ​
​ការវាយប្រហារ​ដោយ​រថយន្ត​នៅ​ទីក្រុង​ប៊ែ​កឡាំង ៖ រថយន្តយោធា​មួយគ្រឿង​បាន​បើក​ចូលទៅក្នុង​ផ្សារ​ទំនិញ​បុណ្យ​ណូអែល​ក្នុង​ទីក្រុង​ប៊ែ​កឡាំង ប្រទេស​អាល្លឺម៉ង់ ដែល​បានសម្លាប់​មនុស្ស​១២​នាក់ ។ ជនសង្ស័យ​ឈ្មោះ Anis Amri គឺ​ត្រូវបាន​បាញ់សម្លាប់​ក្នុងប្រទេស​អ៊ីតាលី​នៅ​ថ្ងៃទី​២៣ ខែធ្នូ ។​
​ថ្ងៃទី​១៩ ខែធ្នូ​
​បេសកជន​រុស្ស៊ី​ត្រូវបាន​ធ្វើឃាត ៖ ប៉ូលីស​ទួរគី​ម្នាក់​បាន​បាញ់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក Andrei Karlov នៅឯ​សាល​តាំងពិព័រណ៍​សិល្បៈ​ក្នុង​ទីក្រុង​អង់កា​រ៉ា មុន​ពេលដែល​ខ្លួន​គាត់​ផ្ទាល់​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលីស​ទួរគី ។​
​ថ្ងៃទី​២២ ខែធ្នូ​
​រដ្ឋាភិបាល​វាយ​ដណ្ដើមយក​ទីក្រុង​អា​ឡេ​ប៉ូ ៖
​រដ្ឋាភិបាល​ស៊ី​រី​បានប្រកាស​ពី​ជ័យជម្នះ បន្ទាប់ពី​មានការ​ត្រួតត្រា​លើ​ក្រុង​អា​ឡេ​ប៉ូ ។ ក្រុង​អា​ឡេ​ប៉ូ​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ពួក​សកម្មប្រយុទ្ធ IS និង​ក្រុម​ឧទ្ទាម​អស់​រយៈពេល​បួន​ឆ្នាំ​មកហើយ ។ ជន​ស៊ីវិល និង​ក្រុម​ក្រុម​ឧទ្ទាម​រាប់ពាន់នាក់​គឺ​ត្រូវបាន​ជម្លៀសចេញ​ទៅកាន់​ទីប្រជុំ​ជន​ជិតខាង៕

fn-2016-12-27-19-07-04-0