ប៉េកាំង៖មន្ត្រីកំពូលក្រុងប៉េកាំងបានប្រាប់ទូរទស្សន៍រដ្ឋថា ប្រទេសចិននឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ប្រើប្រាស់ក្រុងហុងកុងធ្វើជាមូលដ្ឋានបង្ហិនបង្ហោចប្រឆាំងនឹងចិនដីគោកឬធ្វើឲ្យខូចស្ថិរភាពនយោបាយរបស់ខ្លួនឡើយ។
មេដឹកនាំចិនមានការព្រួយបារម្ភកាន់តែខ្លាំងអំពីចលនាឯករាជ្យភាពក្មេងខ្ចីនៅទីក្រុងហុងកុងដែលបានវិលមកការគ្រប់គ្រងរបស់ចិនដីគោកវិញនៅក្នុងឆ្នាំ១៩៩៧ជាមួយនឹងការសន្យានៃ ស្វ័យភាពដែលគេស្គាល់ថាជាគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ”។
នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍រដ្ឋដែលចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ លោក Zhang Xiaoming ប្រធានការិយាល័យទំនាក់ទំនងរបស់ប្រទេសចិនក្នុងទីក្រុងហុងកុងបានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនជ្រៀតជ្រែកក្នុងរឿងដែលប៉ះពាល់សុទ្ធសាធដល់ស្វ័យភាពរបស់ក្រុងហុងកុងឡើយ។
លោក Zhang បាននិយាយទៀតថា “គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីបានទេនៅក្នុងទម្រង់ដែលខូចដល់អធិបតេយ្យភាពនិងសន្តិសុខរបស់ប្រទេសចិន។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យជំទាស់ទៅនឹងអំណាចគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលឬច្បាប់ជាមូលដ្ឋានរបស់ហុងកុងឡើយ។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យប្រើហុងកុងសម្រាប់សកម្មភាពបង្ហិនបង្ហោចប្រឆាំងនឹងចិនដីគោកដើម្បីបំផ្លាញស្ថេរភាពសង្គមនិងនយោបាយរបស់ខ្លួនទេ”។
សភារបស់ប្រទេសចិនកាលពីខែមុនបានធ្វើការបកស្រាយដ៏កម្រនៃច្បាប់មូលដ្ឋានដែលជារដ្ឋធម្មនុញ្ញខ្នាតតូចរបស់ហុងកុងដើម្បីរារាំងក្រុមសមាជិកសភាគាំទ្រឯករាជ្យភាពពីការចូលកាន់តំណែង។
ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់នាយកប្រតិបត្តិក្រុងហុងកុង Leung Chun-ying កាលពីខែមុនថា រដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិនបានគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងហុងកុងក្នុងការទប់ស្កាត់សកម្មភាពជំរុញឯករាជ្យភាពសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលមួយនេះ។
ការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ
មនុស្សជិត៥,០០០នាក់ក្នុងទីក្រុងហុងកុងបានដើរក្បួនតវ៉ាក្នុងទិវាចូលឆ្នាំថ្មីប្រឆាំងនឹងការប៉ុនប៉ងដកសិទ្ធិសមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួនបួននាក់ដោយរដ្ឋាភិបាលក្រុងនេះ៕