អាមេរិក៖អ្នកនាំពាក្យរបស់លោក Donald Trump បាននិយាយថា គ្មានភស្តុតាងបង្ហាញថា រុស្ស៊ីបាន Hack ចូលទៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទេហើយវានឹងក្លាយជាការមិនទទួលខុសត្រូវមួយដើម្បីដាក់ការសន្និដ្ឋានណាមួយមុនពេលទទួលបានរបាយការណ៍ស៊ើបការណ៍សម្ងាត់ចុងក្រោយ។
លោក Sean Spicer បានប្រាប់ Fox News ថា “គ្មានភស្តុតាងសោះដែលថា ពួកគេបានចូលលូកលាន់ក្នុងការបោះឆ្នោត”។
លោក Sean Spicer នឹងក្លាយជាលេខាធិការផ្នែកព័ត៌មានរបស់សេតវិមាននៅពេលដែលលោក Trump ចូលសេតវិមាននៅថ្ងៃទី២០ខែមករា។ លោកបានប្រាប់ទូរទស្សន៍ CNN ថា ប្រធានាធិបតីជាប់ឆ្នោតនឹងមើលរបាយការណ៍ចារកម្មនោះនៅពេលដែលវាត្រូវបានបញ្ចប់នៅសប្តាហ៍នេះ។ កាលពីថ្ងៃសៅរ៍ លោក Trump បានព្រមានប្រឆាំងនឹងការស្តីបន្ទោសណាមួយដែលឆាប់រហ័សពេកលើប្រទេសរុស្ស៊ីសម្រាប់ការ Hack អ៊ីម៉ែលអាមេរិក។
លោក Spicer បានប្រាប់ទូរទស្សន៍ CNN ថា “គំនិតដែលថា យើងដាក់ការសន្និដ្ឋានមុនពេលដែលយើងទទួលរបាយការណ៍ចុងក្រោយគឺជាការមិនមានការទទួលខុសត្រូវ”។
លោកប្រធានាធិបតី Barack Obama បានបណ្តេញជនជាតិរុស្ស៊ី៣៥នាក់ដែលសង្ស័យថាជាអ្នក ឈ្លបយកការណ៍និងបានដាក់ទណ្ឌកម្មលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីចំនួនពីរកាលពីសប្តាហ៍មុនដោយចោទវិមានក្រឹមឡាំងថា មានការពាក់ព័ន្ធក្នុងការ Hack ដែលមន្ត្រីស៊ើបការណ៍សម្ងាត់និយាយថាមានគោលបំណងជួយលោក Trump ខាងគណបក្សសាធារណរដ្ឋឲ្យយកឈ្នះលើលោកស្រី Hillary Clinton ខាងប្រជាធិបតេយ្យក្នុងការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកា។
ទោះបីជាយ៉ាងណាក៏ដោយ សមាជិកសភាមកពីគណបក្សនាំមុខទាំងពីរបានសម្តែងការព្រួយបារម្ភចំពោះការលើកឡើងអំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីដោយអះអាងថា វាអាចនាំឲ្យមានលទ្ធផលអវិជ្ជមាន។
គួរបញ្ជាក់ជាថ្មីថា កាលពីថ្ងៃអាទិត្យ លោក Spicer បាននិយាយថា សេតវិមានអាចដាក់ទោសដោយគ្មានសមមាត្រលើប្រទេសរុស្ស៊ី៕