ភ្នំពេញ: ស្ថានទូតនៃចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានឲ្យដឹងថា លោក បៀល ឡងហ៊ើរស្ទ៍ ( Bill Longhurst) ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសាកល្បង ជិះរថយន្តក្រុងសាធាណៈ នៅក្នុងទីក្រុងភ្នំពេញ ជាលក្ខណៈឯកជន នៅក្នុងសប្តាហ៍នេះ ហើយក៏បានចេញសារមួយ ជំរុញ និងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់សេវាកម្ម សាធារណៈ មួយនេះ ។
បន្ទាប់ពីសាកល្បងជិះរថយន្តក្រុងសាធាណៈ នៅក្នុងទីក្រុងភ្នំពេញ លោកឯកអគ្គរាជទូតអង់គ្លេស បានអះអាងថា នេះគឺជាការធ្វើដំណើរដ៏អស្ចារ្យមួយ នៅពេលលោក បានរួមដំណើរ ជាមួយនឹងពលរដ្ឋកម្ពុជា មួយចំនួន នៅលើរថយន្តក្រុង ។
លោកឯកអគ្គរាជទូត បានមានប្រសាសន៍ថាៈ “ផ្លូវគឺវាអាចផ្តល់ផាសុកភាព ហើយសំបុត្រទៀតសោត គឺវាអាចទទួលយកបាន”។
លោក បៀល ឡងហ៊ើរស្ទ៍ ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជា និងអ្នកដំណើរទាំងអស់ ប្រើប្រាស់រថយន្តក្រុង សាធារណៈនេះ ។
លោកបានបញ្ជាក់ថាៈ “ខ្ញុំសូមលើកទឹកចិត្ត អ្នកគ្រប់គ្នា ឲ្យប្រើប្រាស់រថយន្តក្រុង សាធារណៈនេះ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍” ។
លោកឯកអគ្គរាជទូត បានបន្តទៀតថា កាលពេលដែលលោករស់នៅ និងធ្វើការនៅក្នុង ទីក្រុងឡុងដ៏ លោកក៏ជាអ្នកដែលប្រើប្រាស់ នូវប្រព័ន្ធឡានក្រុងសាធារណៈ រាល់ថ្ងៃ ។
លោកបានអះអាងថា បើសិនជាមិនមានឡានក្រុងទេ ស្ថានភាពចរាចរណ៍ នឹងមានការកកស្ទះខ្លាំង ដូច្នេះ លោកសង្ឈឹមថា បណ្តាញរថយន្តក្រុង នឹងកើនឡើងឆាប់ៗ ហើយនៅពេលនោះ អ្នកទាំងអស់គ្នា នឹងមើលឃើញការថយចុះ នៃស្ថានភាពធូរស្រាល ផ្នែកចរាចរណ៍។
នៅក្នុងទីក្រុងភ្នំពេញ នៅពេលបច្ចុប្បន្ននេះ មានរថយន្តក្រុងសាធារណៈនេះ ចំនួន៣ ខ្សែគឺ៖ ខ្សែទី១.ចំងាយប្រមាណជា ១៧ គីឡូម៉ែត្រ ពីគីឡូម៉ែត្រលេខ៩ នៅខណ្ឌឫស្សីកែវ កាត់មហាវិថីព្រះមុនីវង្ស ទៅផ្សារច្បារអំពៅ។
ខ្សែទី២. គឺចំងាយ ១៤ គីឡូម៉ែត្រ ពីផ្សាររាត្រី ទៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។
ខ្សែទី៣. គឺចំងាយ ១៥ គីឡូម៉ែត្រ ពីផ្សាររាត្រី ទៅចោមចៅ។
ផ្លូវរថយន្តក្រុងទាំងនេះ មានកន្លែងឈប់ ដាក់អ្នកដំណើរ សរុបទាំងអស់ចំនួន ៨៦ កន្លែង ហើយដើម្បីពង្រីក សេវាកម្មនេះ បន្ថែមទៀតនោះ សាលារាជធានី មានផែនការ និងរៀបចំ បង្កើតខ្សែឡានក្រុងនេះ ឲ្យដល់ ១៨ ខ្សែ ពាសពេញរាជធានីភ្នំពេញ៕V/S
លោកឯកអគ្គរាជទូតអង់គ្លេស កំពុងឈររង់ចាំរថយន្តក្រុង នៅចំណតតាមផ្លូវមួយ ក្នុងក្រុងភ្នំពេញ