កំពង់ឆ្នាំង៖ មន្ត្រីជំនាញ និង សមត្ថកិច្ច ប្រមាណជិត៥០នាក់ដែលគេសង្ស័យថា បានពាក់ព័ន្ទនិងការយកលុយពីរថយន្តដឹកបទល្មើសព្រៃឈើតាំពី ខេត្តពោធិសាត់ រហូតដល់ភ្នំពេញ តាមផ្លូវជាតិលេខ៥ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ។
នៅក្នុងបញ្ជីឈ្មោះមានជាអក្សរដែលវាយដោយកុំព្យូទ័រ និង អក្សរដែលសរសេរដៃ នៅខាងក្រោមដែលនៅក្នុងបញ្ជីឈ្មោះនេះ មានដាក់លេខទូរស័ព្ទ ឈ្មោះស្ថាប័ន និង អាស័យដ្ឋានម្នាក់ៗផងដែរ ដើម្បីងាយស្រួលអ្នករកស៊ីល្មើស ដឹកជញ្ជូនផលអនុផលព្រៃឈើ ទាក់ទងបង់លុយជាថ្នូរ និងការមិនចាប់ចង ។ នៅក្នុងបញ្ជីនេះ មានឈ្មោះមន្ត្រីជំនាញនិងសមត្ថកិច្ចដែលពាក់ព័ន្ធ ចាប់ពីស្រុកវាលវែង ខេត្តពោធិសាត់ រហូតដល់រាជធានីភ្នំពេញ សរុបទាំងអស់ជិត៥០នាក់។
មានមជ្ឈដ្ឋានជាច្រើនបានលើកឡើងថា កន្លងទៅនេះ គេសង្កេតឃើញមានរថយន្តដឹកឈើទាំងតូចទាំងធំ បានធ្វើចរាចរណ៌តាមផ្លូវជាតិលេខ៥ស្ទើតែខូចផ្លូវទៅហើយ ប៉ុន្តែគេពុំដែលឃើញ សមត្ថកិច្ចដែលនៅហូរហែតាមផ្លូវនោះចាប់បានរថយន្តទាំងនេះទេ ត្រាតែរថយន្តដឹកឈើមិនបង់លុយ ឬ ក្រឡាប់ក្អួតចេញឈើ ទើបគេនាំគ្នា ស្ទាក់ចាប់ និង ទៅដណ្តើមយកវត្ថុតាង។
បញ្ជីឈ្មោះនិងលេខទូរស័ព្ទរបស់មន្ត្រីជំនាញ និងសមត្ថកិច្ចទាំងនេះ ត្រូវបានគេរកឃើញនៅក្នុងរថយន្តដឹកឈើមួយគ្រឿង ដែលសមត្ថកិច្ចចាប់បានកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងមួយក្រុមបាន ស្ទាក់ចាប់រថយន្តដឹកគ្រឿងសង្ហារិម មួយគ្រឿងម៉ាកសាំយ៉ុង ពាក់ស្លាកភ្នំពេញ 2D-2820 នៅត្រង់ចំណុចស្ពានជ្រៃបាក់ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅលើរថយន្តនេះ ពិនិត្យឃើញ ឈើម្រះព្រៅភ្នំ២បន្ទះធំដែលកែច្នៃរួចជាតុ។ តុធ្នង់មូល២បន្ទះ ពកម្រះព្រៅ១ច្នៃជាតុទ្វារធ្នុង៦សន្លឹក គ្រែ១ដែលគេកែច្នៃរួច។ ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ឲ្យដឹងថា មានក្រដាស់ ដែលជាបញ្ជីឈ្មោះមន្ត្រីពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទាំងនោះឡើយ ហើយក៏ មិនបានបញ្ចេញបញ្ជីឈ្មោះមន្ត្រីទាំងនោះដែរទេ។
រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ ស្រាប់តែមានគេទម្លាយបញ្ជីឈ្មោះមន្ត្រីជំនាញ និង សមត្ថកិច្ចដែលពាក់ព័ន្ធ និង ការយកលុយពីឡានដឹកឈើតាមផ្លូវជាតិលេខ៥ ពីខេត្តពោធិសាត់ ឆ្ពោះទៅកាន់រាជធានីភ្នំពេញអោយដឹងតែម្តង។
ពាក់ព័ន្ធនឹងករណីនេះ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងលោក ប៉ុល វុទ្ធី បានបញ្ជាក់ថាបញ្ជីឈ្មោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ការយកលុយពីរថយន្តដឹកឈើនោះគឺមានមែនដែលសមត្ថកិច្ចបានរកឃើញនៅ ក្នុរថយន្តដឹកគ្រឿងសង្ហារិម៕
សមត្ថកិច្ចជំនាញជិត៥០នាក់ជាប់ពាក់ព័ន្ធការជំរិតយកលុយពីបទល្មើសព្រៃឈើ