ដោយ៖ប់ែន សុផល
ខេត្តបាត់ដំបង៖កសិផលដំឡូងមីធ្លាក់ថ្លៃខ្លាំងជាប់ៗគ្នា២ឆ្នាំនេះបង្ខំចិត្តអោយកសិករស្ទើរតែទាំងអស់ត្រូវខ្ចីលុយពីធនាគា និងធ្វើចំណាកស្រុកកាន់តែច្រើនឡើងៗស្ងាត់ភូមិ ។
លោក ជួង លួម កសិកររស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនះមណ្ឌលបានត្អូញត្អែរនៅថ្ងៃទី៦ ខែមករានេះថា៖ ឆ្លងកាត់បញ្ហាប្រឈមជាច្រើនបានធ្វើអោយកសិករដែលរស់នៅតាមបណ្ដោយតំបន់ព្រំដែនអស់ទឹកចិត្តក្នុងការដាំដុះដំណាំផ្សេងៗ ណាមួយត្រូវចំណាយលើជី ថ្នាំបំប៉នរួមទាំងទំនិញនានាក្នុងទីផ្សារតម្លៃកាន់តែខ្ពស់ ភាពរាំងស្ងួតអូសបន្លាយពេលយូរជាហេតុនាំអោយដំឡូងងាប់កសិករតស៊ូដាំរហូត២ទៅ៣ដងទើបដុះ ចុងក្រោយភោគផលដែលប្រមូលបានមិនមានហាងឆេងតម្លៃធ្លាក់ទាបមិនអាចទទួលយកបានស្រេចតែមាត់ឈ្មួញ។
ផលដំឡូងក្នុងរយៈពេល២ឆ្នាំមកនេះធ្លាក់តម្លៃត្រឹម១៤០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម(ដំឡូងស្រស់)រីឯដំឡូងស្ងួតលក់បានតម្លៃ៥០០រៀលក្នុងមួយគីឡូក្រាមខុសពីឆ្នាំមុនៗដែលមានហាងឆេងល្អមួយគីឡូក្រាមពី៣០០ទៅ៤០០រៀល(ដំឡូងសើម) និងក្នុងមួយគីឡូក្រាមពី៦០០ទៅ៨០០រៀល(ដំឡូងស្ងួត) ចំពោះតម្លៃលើទីផ្សារធ្លាក់ទាបនេះបើទូទាត់លើសេវាជាច្រើនដូចជាថ្លៃភ្ជួរដី លើករងរហូត៣សារ ថ្លៃទិញពូជ ឈ្នួលដាំនិងដកនិងសេវាផ្សេងៗមួយចំនួនទៀតអាចចំណេញត្រឹម៦ទៅ៧ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយហិកតា តែបើទិន្នផលធ្លាក់ទាបមិនបានចំណេញឬខាតដើមតែម្ដង។
ដោយឡែកលោក អុំ សម្បត្តិ កសិកររស់នៅភូមិអូរល្មូនបានរៀបរាប់ដោយក្ដីអស់សង្ឃឹមថា រយៈពេល២ឆ្នាំហើយដែលកសិកររងការប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរ និងត្រូវជំពាក់លុយចិនឬធនាគារ រហូតលក់គោយន្ដ លក់ដីជាបន្ដរបន្ទាប់ និងបញ្ជូនកូនចៅទៅធ្វើកម្មករនៅប្រទេសថៃ។ គ្រួសារលោកខូច១ឆ្នាំដំបូងលើដំណាំពោត សណ្ដែកនិងដំឡូងបានធ្វើអោយគ្រួសារគាត់ជំរុញការដាំដុះក្នុងឆ្នាំបន្ទាប់និងជួលដីគេធ្វើបន្ថែមទៀតក្រែងអាចប៉ះពៅការខូចខាតកាលពីឆ្នាំចាស់ ប៉ុន្ដែមិននឹកស្មានថាកាន់តែជួបការលំបាកខ្លាំងទៅៗ។
លោក វ៉ៃ ចំរើន អនុប្រធានសហគមន៍អភិវឌ្ឍន៍ត្រែងជោគជ័យរស្មីផ្លូវមាសបានប្រាប់អោយដឹងដែរថា ក្នុងសហគមន៍របស់លោកមានប្រជាពលរដ្ឋចំនួន៥ភូមិ គ្រួសារនីមួយៗសុទ្ធតែបានដាំដំឡូងស្ទើរតែទាំងអស់និងត្រូវបានរងការខូចខាតជាអន្លើដែរដែលនាំអោយប៉ះពាល់ជីវភាពយ៉ាងខ្លាំង ចំណែកឯម្ចាស់ទ្រទ្រង់សហគមន៍ក៍ត្រូវបានផ្អាកការឧបត្ថម្ភផងដែឬដោយសារតែគម្រោងមិនទទួលបានជោគជ័យ។
ចំណែកឯលោក ឱម សុវណ្ណជ័យ តំណាងក្រុមហ៊ុនសាន សំរេចផលបានលើកឡើងថា មួយផ្នែកនៃការទ្រោលកុំអោយកសិផលធ្លាក់តម្លៃទាបទាល់តែមន្ដ្រីពាក់ពន្ធ័ទាំងអស់មានឆន្ទះជួយប្រជាកសិករកុំអោយពុករលួយលុយក្រោមតុជាមួយឈ្មួញកណ្ដាល បើកាលណាគិតតែប្រយោជន៍ហោប៉ៅខ្លាំងពេកឈ្មួញកណ្ដាលទៅគាបកសិករបន្ដជាហេតុនាំអោយឈ្មួញទិញកសិផលក្នុងតម្លៃទាបដើម្បីចំណេញច្រើនទូទាត់ថ្លៃលុយក្រោមតុដែលត្រូវចំណាយ។ ម្យ៉ាងទៀតអាថ៌កំបាំងនៅពីក្រោយការស្ទះទំនិញរយៈពេលយូរ ឬខ្លីជាញឹកញាប់កន្លងមកក៍ជាហេតុនាំអោយទំនិញតម្លៃធ្លាក់ទាបដែរ ដោយសារឈ្មួញរកស៊ីនាំចេញកសិផលទៅក្រៅប្រទេសមិនមានឯកសារគ្រប់គ្រាន់ដូចនេះពេលគយថៃប្ដូរផ្លាស់គោលដៅមួយសប្ដាហ៍ម្ដងធ្វើអោយគយពិនិត្យឯកសារតាមផ្លូវច្បាប់ជាហេតុនាំអោយគយថៃមិនអនុញ្ញាតអោយនាំចូល ។ ប៉ុន្ដែបើក្រសួងពាក់ពន្ធ័ចេញឯកសារអោយឈ្មួញអោយបានគ្រប់គ្រាន់ដូចជាឯកសារភូតគាមអនាម័យកសិកម្ម នោះមិនមានការរាំងស្ទះទោះជាមន្ដ្រីគយថៃប្ដូរគោលដៅយ៉ាងណាក៍ដោយព្រោះទីផ្សារក្រុមហ៊ុនដំឡូងនៅប្រទេសថៃកសិផលប៉ុន្មានតោនក៍គេត្រូវការដែរ៕