បារាំង​គ្រោង​បង្កើត​សេនាធិការ​ពិ​សេសមួយ​ទប់ទល់​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2017 ក+ ក-

​ប៉ារីស​៖​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​វិស័យ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ក្រសួងការពារជាតិ​បារាំង​គ្រោង​នឹង​បង្កើត​សេនាធិការ​ពិសេស​មួយ ដែលមាន​ទាហាន​ជំនាញ​ខាង​អ៊ី​ន​ធើ​ណេ​ត​ចំនួន​២៦០០​នាក់ ហើយ​មាន​សមត្ថភាព​ទាំង​ខាង​ការពារ និង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​។​
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បារាំង​លោក ហ្ស​ង់​អ៊ីវ ឡឺ​ឌ្រី​យ៉ង់ បាន​និយាយថា បារាំង​កំពុងតែ​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ដោយ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ទាំង​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល រួមមាន​ដូចជា ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ និង​ដឹកជញ្ជូន ក៏ដូចជា ទៅលើ​ដំណើរការ​ប្រជាធិបតេយ្យ និង​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​លោក​រដ្ឋមន្ត្រី​បន្តថា ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​តម​កលើ​បារាំង​បាន​កើនឡើង​ទ្វេដង​ជា​រៀងរាល់ឆ្នាំ ហើយ​គ្រាន់តែ​ក្រសួងការពារជាតិ​មួយ​ត្រូវ​រង​ការវាយប្រហារ​រហូតដល់​ទៅ ២​ម៉ឺន​៤​ពាន់​ដង កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​ក៏ប៉ុន្តែ ការវាយប្រហារ​នេះ​ត្រូវបាន​ទប់ស្កាត់​ជាប់​។ លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដើម្បី​លូកដៃ​ចូល​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត ដូច​អ្វីដែល​បានកើត​ឡើង​នៅ​សហរដ្ឋអាមេរិក ក៏​អាច​កើតឡើង​ដែរ​នៅ​បារាំង​។​
​ជាមួយគ្នានេះ​លោក​ព្រមាន​ថា ក្នុងករណី​ទទួលរង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​បារាំង​នឹងធ្វើ​ការ​តប​ទៅវិញ ដោយ​ប្រើ​ទាំង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ធម្មតា​។​
គួរ​បញ្ជាក់ថា បារាំង​នឹង​បោះឆ្នោត​ប្រធានាធិបតី នៅ​ខែមេសា និង​ឧសភា​ខាងមុខ​៕ ប្រភព​៖​ទស្សនា​វ​ដ្តី​បារាំង (Journal du Dimanche)

2017-01-05t125605z_2_mtzgrqed15b3vrii_rtrfipp_0_britain-banks-cyber