អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ភាគខាងត្បូង​ថៃ​ឡើងដល់​៤០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2017 ក+ ក-

​បាងកក​៖​មន្ត្រី​គ្រោះមហន្តរាយ​ថៃ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ទឹកជំនន់​ទឹកភ្លៀង​ខុសរដូវ​នៅ​ភាគខាងត្បូង​ប្រទេស​បានសម្លាប់​មនុស្ស​កើនឡើង​ដល់​៤០​នាក់​ហើយ ខណៈដែល​ទឹកភ្លៀង​ត្រូវបាន​គេ​ព្យាករ​ថា នឹង​បន្ត​ធ្លាក់​ថែមទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នៅ​តំបន់​ផលិត​កៅស៊ូ និង​ទេសចរណ៍​របស់​ប្រទេស​ថៃ​។ នេះ​ដោយ​យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​ប្រធាន​នាយកដ្ឋាន​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ លោក ឆាត​ឆៃ ព្រហ្ម​ឡឺត បាន​ប្រាប់ Reuters ថា ភ្លៀង​ធ្លាក់​ជោកជាំ​នៅ​ដើមរដូវ​ប្រាំង​នេះ បាន​បង្ក​ជា​ទឹកជំនន់​នៅ​ទូទាំង​ភាគខាងត្បូង​ប្រទេស​ថៃ ដោយបាន​កាត់ផ្ដាច់​ផ្លូវថ្នល់ និង​ខ្សែ​រថភ្លើង គំរាមកំហែង​ដល់​ផលដំណាំ និង​ប៉ះពាល់​ដល់​មនុស្ស​ប្រហែល ១.៦​លាន​នាក់​។ លោក​បន្តថា ស្ថានភាព​អាក្រក់​មិនទាន់​ចប់​នៅឡើយ​ទេ ហើយ​គេ​ដឹងថា នឹងមាន​ភ្លៀង​ធ្លាក់​បន្ថែមទៀត​នៅ​សប្ដាហ៍​នេះ ខណៈដែល​កិច្ចការ​បោសសម្អាត​កំពុងដំណើរការ​នៅតាម​កន្លែង​ខ្លះ ដែល​ទឹកបាន​ថមថយ​ទៅវិញ​។​
​គួរ​បញ្ជាក់ថា ជាទូទៅ​រដូវវស្សា​នៅ​ថៃ​ចាប់ផ្ដើម​ពី​ខែមិថុនា ដល់​ខែវិច្ឆិកា​។ ប៉ុន្តែ ទឹកជំនន់​ចាប់ពី​ថ្ងៃទី​១ ខែមករា​នេះ បាន​កើតឡើង​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខុសរដូវ​៕

1