អាជ្ញាធរខេត្តព្រះសីហនុ ព្រមានចាត់ វិធានការចំពោះការប្រគំតន្ត្រីអាស អាភាសរបស់ក្រុមហ៊ុន Kazantip
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 February, 2015 ក+ ក-

ខេត្តព្រះសីហនុ: អាជ្ញាធរខេត្តព្រះ សីហនុព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះភាពរឹងរូស នៃការដែលមិនអនុវត្ត តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដោយក្រុមហ៊ុន Kazantip Asia Co,Ltd. ដែលមានគម្រោងរៀបចំ ការប្រគំតន្ត្រី និងល្បែងកម្សាន្ត អាសអាភាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើកោះពស់ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

យោងតាមសេចក្តីជូនដំណឹង របស់សាលាខេតុ្តព្រះសីហនុ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ បានលើកឡើងថា អាជ្ញាធរខេត្តព្រះសីហនុ បានជម្រាបជូនលោក នាយកក្រុមហ៊ុន Kazantip Asia Co,Ltd. ដោយធ្វើការផ្អាកនូវសកម្មភាព រៀបចំដំណើរកម្សាន្ត របស់ក្រុមហ៊ុន Kazantip Co,Ltd. នៅលើកោះពស់ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សាលាខេតុ្តព្រះសីហនុ បានលើកឡើងថា ក្រោយពីសាលាខេត្ត បានចេញលិខិត អនុញ្ញាត ឲ្យក្រុមហ៊ុនរួចមក រដ្ឋបាលខេត្ត ពិនិត្យឃើញថា ដោយផ្អែកលើគេហទំព័រ របស់ក្រុមហ៊ុន សកម្មភាពប្រគំតន្ត្រីខាងលើ មានលក្ខណៈប្រាសចាក ពីប្រពៃណី វប្បធម៌ និងកិត្តិយសជាតិខ្មែរ ពិសេសផ្ទុយពីកម្មវត្ថុ នៃការស្នើសុំ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបន្ទាន់ នូវសកម្មភាពរៀបចំផ្សេងៗ ដែលទាក់ទងនឹងគម្រោង នៃការប្រគំតន្ត្រី និងល្បែងកម្សាន្ត របស់ក្រុមហ៊ុន Kazantip Asia Co,Ltd. នៅលើកោះពស់ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ។ ករណីមិនអនុវត្តតាមសេចក្តីជូន ដំណឹងនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការ តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា Kazantip គឺជាពិធីនៃការប្រគំតន្ត្រី អមដោយភ្លើងពណ៌ លំដាប់ពិភពលោក ដោយមានឌីជេ (DJ) ល្បីៗ នៅលើពិភពលោក និងមានភ្ញៀវលំដាប់អ្នកមាន ចូលរួមកម្សាន្តសប្បាយ។ ការប្រគំតន្ត្រី Kazantip បានចាប់ផ្តើមឡើង តាំងពីឆ្នាំ ១៩៩២ ដល់ឆ្នាំ២០១៣ នៅប្រទេសអ៊ុយក្រែន ក្នុងតំបន់គ្រីមៀ ហើយនៅឆ្នាំ២០០២ ដល់ឆ្នាំ២០១៣ ក្រុមតន្ត្រី Kazantip បានប្រគំតន្ត្រី នៅភូមិ Popvka នៅជិតទីក្រុង Myrnyi ក្នុងប្រទេសអ៊ុយក្រែន។ ការប្រគំតន្ត្រីនេះ ភាគច្រើន គេប្រកាន់យកស្លៀកពាក់ ពណ៌ទឹកក្រូច និងខោអាវពណ៌លឿង។

យោងតាម គេហទំព័រ Kazantip ដែលចេញផ្សាយ បានឲ្យដឹងថា ពិធីប្រគំតន្ត្រី ដែលលាយឡំដោយការដើរស្រាត និងខ្លះៗ រួមភេទគ្នានោះ ដែលគេហៅថា Kazantip នៅក្នុងឆ្នាំ២០១៤ បានចាប់ផ្តើមប្រគំ នៅក្រៅប្រទេសអ៊ុយក្រែន ជាលើកដំបូង ក្នុងទីក្រុងតូចមួយ ឈ្មោះថា Anaklia ក្នុងរដ្ឋ Georgia ហើយសម្រាប់ឆ្នាំ២០១៥នេះ ពួកគេនឹងមកប្រគំតន្ត្រី នៅលើកោះពស់ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥៕CEN

mek